ជំងឺរលាកស្រោមបេះដូង គឺជាការឡើងហើម និងរលាកស្រោមបេះដូង (ជាភ្នាស់ថងដ៏ស្តើងមួយ សំរាប់ព័ទ្ធជុំវិញបេះដូង) ។ ការរលាកស្រោមបេះដូង ច្រើនបង្កអោយមានការឈឺដើមទ្រូង និងពេលខ្លះបង្កអោយមាន រោគសញ្ញាផ្សេងៗទៀត ។ ការរលាកស្រោមបេះដូង ជាធម្មតាកើតឡើងភ្លាមៗ និងរយៈពេលខ្លី ។
នៅពេលរោគសញ្ញា មានការវិវត្តន៍បន្តិចម្តង់ៗ ឬនៅជាប់រហូត ការលាក់ស្រោមបេះដូងនេះ ត្រូវបានចាត់ទុកថាជាជំងឺរ៉ាំរ៉ៃ ។ ការឈឺដើមទ្រូងជាលក្ខណៈ ដូចមុតអាចកើតឡើង នៅពេលដែលមានការរលាក ដល់ស្រទាប់ទាំងពីរ របស់ស្រោមបេះដូងនៅពេលកកិតគ្នា ។
ចំពោះការរលាកស្រោមបេះដូងស្រួចស្រាវ ជាធម្មតាកើតឡើង តិចជាងពីរបីសប្តាហ៍ ហើយករណីរ៉ាំរ៉ៃវិញ ច្រើនតែ ៦ខែឡើងទៅ ។
ប្រសិនបើអ្នកមានបញ្ហា រលាកស្រោមបេះដូងស្រួចស្រាវ រោគសញ្ញាដែលច្រើនតែកើតមានបំផុត គឺការឈឺជាលក្ខណៈមុត ឬពឺតនៅខាងក្រោយ ឆ្អឹងជំនីដើមទ្រូងខាងឆ្វេង ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនដែលមាន បញ្ហារលាកស្រោមបេះដូងស្រួចស្រាវ ច្រើនប្រាប់ពីសញ្ញារបស់ពួកគេថា មានការឈឺទ្រូងដូចជាណែនៗ រមាស់ ឬមានសម្ពាធអ្វីមួយ ហើយការឈឺនោះមានភាពប្រែប្រួល ទៅតាមមនុស្សម្នាក់ៗ ។
ការឈឺចាប់ដោយសារ ការរលាកស្រោមបេះដូងស្រួចស្រាវ ប្រហែលជារាលដាលទៅដល់ស្មា និងកខាងឆ្វេងទៀតផង ។ វាច្រើនតែឈឺខ្លាំង នៅពេលអ្នកដេក ឬដកដង្ហើមជ្រៅ ។ ការក្អក ដកដង្ហើមជ្រៅ ឬការលេបចំណីអាហារ ក៏ប្រហែលជាធ្វើអោយឈឺចាប់កាន់តែខ្លាំង ។ ការអង្គុយនៅស្អៀមច្រើន តែអាចបំបាត់ការឈឺចាប់បាន ។ វាប្រហែលជាមានការពិបាក ក្នុងការញែកអោយដាច់រវាងការឈឺស្រោមបេះដូង ពីការឈឺបណ្តាលមកពី ការគាំងបេះដូងណាស់ ។
ការរលាកស្រោមបេះដូងរ៉ាំរ៉ៃ ជាធម្មតាមានការទាក់ទងនឹង ការរលាក់រ៉ាំរ៉ៃ និងមកពីការដកទឹក ក្នុងស្រោមបេះដូង (Pericardial Effusion) ។ រោគសញ្ញាភាគច្រើន នៃការរលាកស្រោមបេះដូង រ៉ាំរ៉ៃគឺឈឺទ្រូង ។
យោងទៅតាមប្រភេទ និងរោគសញ្ញា នៃការរលាកស្រោមបេះដូង ប្រហែលជាមានបញ្ហាមួយចំនួន ដូចខាងក្រោមនេះ៖
– ការឈឺមានសភាពដូចជាមុត នៅចំកណ្តាល ឬផ្នែកខាងឆ្វេងនៃទ្រូង
– ពិបាកដកដង្ហើម នៅពេលតម្រេតខ្លួន
– មិនសូវក្តៅខ្លួនខ្លាំង
– អ្វីៗទាំងអស់គឺខ្សោយ អស់កម្លាំង ឬមានអារម្មណ៍ថាមានជំងឺ
– ក្អកស្ងួត
– ហើមពោះ ឬជើង
ពេលដែលត្រូវជួបគ្រូពេទ្យ ចូរស្វែងរកសេវាថែទាំវេជ្ជសាស្ត្រ អោយបានលឿនបំផុត ប្រសិនបើអ្នកកើតមានរោគសញ្ញាថ្មី ក្រៅពីឈឺទ្រូង ។
រោគសញ្ញាជាច្រើន របស់ការរលាកស្រោមបេះដូង មានសភាពស្រដៀងគ្នានឹងសញ្ញា នៃជំងឺបេះដូង និងសួតដែរ ។ កាលណាដែលអ្នកមានការ វាយតម្លៃកាន់តែឆាប់ ការទទួលបាននូវការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានត្រឹមត្រូវ ក៏កាន់តែលឿនដែរ ។ ឧទាហរណ៍ ថ្វីបើមូលហេតុនៃការឈឺទ្រូង អាចប្រហែលជាការ រលាក់ស្រោមបេះដូងក៏ពិតមែន តែមូលហេតុពិតប្រាកដ៏ ក៏អាចជាការគាំងបេះដូង ឬការមានកំនកឈាមក្នុងសួតដែរ (Pulmonary Embolus)៕ ប្រភព៖ Health