ម៉ាក់ៗមានជំងឺថ្លើមប្រភេទB អាចបំបៅដោះកូនបានអត់? សំណួរនេះប្រហែលជមានស្រីៗយើងមួយចំនួនដក់ទុកក្នុងចិត្តហើយដែរ។ ជាការពិតម៉ាក់ៗមានជំងឺថ្លើមប្រភេទB អាចបំបៅដោះកូនបាន ប៉ុន្តែត្រូវដឹងរឿងមួយចំនួនដែរ ដើម្បីឲ្យការបំបៅដោះធ្វើឡើងដោយសុវត្ថិភាព។
១. អ្វីជាជំងឺថ្លើមប្រភេទ B
ជំងឺថ្លើមប្រភេទB បង្កឡើងដោយមេរោគថ្លើមប្រភេទB នៅលើថ្លើម ដែលអាចឆ្លងតាមឈាម ទឹកកាម ឬសារធាតុរាវផ្សេងទៀតចេញពីរាងកាយអ្នកមានជំងឺថ្លើមប្រភេទនេះ។ ស្រ្តីមានជំងឺថ្លើមប្រភេទB អាចចម្លងទៅកូននៅពេលឆ្លងទន្លេ។
ស្រ្តីពពោះ ត្រូវពិនិត្យរកជំងឺថ្លើមប្រភេទB ដើម្បីបានទទួលការថែទាំត្រឹមត្រូវពេលកំពុងពពោះ និងពេលសម្រាល។ មជ្ឈមណ្ឌលបង្ការជំងឺឆ្លងអាមេរិក ហៅកាត់ថា CDC បានណែនាំថា ក្មេងៗទើបកើតគួរចាក់វ៉ាក់សាំងបង្ការជំងឺថ្លើមដូសទី១ មុនពេលចេញពីមន្ទីរពេទ្យក្នុងរង្វង់២៤ម៉ោងដំបូង។ CDC បន្តថា កូនក្មេងជាទូទៅត្រូវចាក់វ៉ាក់សាំងបង្ការជំងឺថ្លើមប្រភេទB នៅរយៈពេល១ខែ ឬ២ខែក្រោយចាក់ដូសទីមួយ និងចាក់ដូសទី៣នៅអាយុ១៨ខែ។
២. បំបៅដោះកូនមានសុវត្ថិភាពអត់បើម៉ាក់ៗមានជំងឺថ្លើមប្រភេទ B?
CDC អាមេរិក បញ្ជាក់ថាម៉ាក់ៗអាចបំបៅដោះកូនបានដោយសុវត្ថិភាព។ ប៉ុន្តែថា កូនដែលកើតពីម្ដាយមានជំងឺថ្លើមប្រភេទ B ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺថ្លើមប្រភេទB ១២ម៉ោងបន្ទាប់ពីកើតភ្លាម និងដូសទី២ត្រូវធ្វើឡើងក្នុងរង្វង់អាយុ១ខែ ឬ២ខែ និងដូសទី៣ត្រូវធ្វើឡើងនៅអាយុ៦ខែ។ បន្ទាប់មកទៀត ប៉ាម៉ាក់គួរនាំកូនធ្វើតេស្តរកមើលអង់ទីករ និងរកមើលថាកូនមានឆ្លងវីរុសថ្លើមឬយ៉ាងណា នៅពេលកូនចាស់វ៉ាក់សាំងបានគ្រប់ដូស ឬនៅវ័យប្រហែលពី៩ទៅ១២ខែ។
ដូចគ្នាដែរ ក្នុងដំណាក់កាលនេះមិនមែនមានន័យថាម៉ាក់ៗត្រូវរង់ចាំទាល់តែកូនមានអង់ទីករពេញលេញចាំបំបៅដោះកូននោះទេ។ ការបំបៅដោះគឺមានសុវត្ថិភាព ហើយវីរុសថ្លើមប្រភេទB មិនឆ្លងទៅកូនតាមរយៈទឹកដោះនោះទេ លុះណាតែក្បាលដោះរបស់ម៉ាក់ៗមានប្រេះបែកចេញឈាម។
ដូចគ្នាដែរ ក្រៅពីCDC អាមេរិក អង្គការសុខភាពពិភពលោក(WHO) ក៏បានណែនាំដែរថា ស្រ្តីមានជំងឺថ្លើមប្រភេទB គួរតែនៅបន្តបំបៅដោះកូន ដោយថាការបំបៅដោះកូនមានប្រយោជន៍ខ្ពស់ជាងហានិភ័យកូនមានឆ្លងជំងឺនេះ។ ប្រភពបញ្ជាក់ថា ដោយហេតុថាក្មេងកើតពីម្ដាយមានជំងឺនេះត្រូវបានគេចាក់វ៉ាក់សាំងបង្ការលឿនជាងក្មេងកើតពីម្ដាយគ្មានជំងឺថ្លើម នោះហានិភ័យឆ្លងជំងឺក៏មានកាន់តែតិចដែរ។
យ៉ាងណា ម៉ាក់ៗក៏គួរពិភាក្សាជាមួយគ្រូពេទ្យដែរ ដើម្បីដឹងពីវិធីការពារ និងគ្រប់គ្រងពេលចុងសុដន់ប្រេះ ឬមានឈាម ដើម្បីចៀសវាងការចម្លងវីរុសតាមរយៈឈាមទៅកាន់កូនពេលបំបៅដោះ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕ ប្រភព៖http://hellokrupet