ការងូតទឹកជាទៀងទាត់ គឺជាផ្នែកមួយដ៏សំខាន់បំផុត ក្នុងការថែរក្សាអនាម័យ មិនខ្វល់ថា អ្នកធ្វើវានៅពេលព្រឹក ឬល្ងាចឡើយ ប៉ុន្តែវានៅតែមានលក្ខណៈមួយខុសគ្នាដដែល ។
ការងូតទឹក គួរតែធ្វើឡើងជាទម្លាប់រាល់ថ្ងៃ ប៉ុន្តែអ្នកឯកទេស បានដាក់បម្រាមថា ការងូតទឹកជាមួយសាប៊ូដុះខ្លួនរាល់ថ្ងៃអាចធ្វើឱ្យ ស្បែកស្ងួតបាន ដូច្នេះយកល្អគួរតែប្រើជែលប្រទាលកន្ទុយក្រពើធម្មជាតិម្តងម្កាលទៅ ហើយពេលខ្លះ ក៏គួរតែងូតទឹកទទេបានហើយ ។
សំណួរសួតថា តើអ្នកគួរតែងូតទឹកនៅពេលណាទៅ? ទម្លាប់ជាច្រើនដែលទាក់ទងនឹងការងូតទឹកច្រើន តែធ្វើទៅតាមទំនៀមទម្លាប់ ។ ជាស្តែងដូចជា ប្រជាជនជាអាស៊ីច្រើន តែងូតទឹកនៅពេលល្ងាច ខណៈដែលជនជាតិអាមេរិកច្រើន តែងូតទឹកនៅពេលព្រឹក ។ តើមួយណាគឺជារឿងត្រឹមត្រូវទៅ? គ្រប់ពេលវេលាទាំងអស់ នៃការងូតទឹកតែងមានអត្ថប្រយោជន៍ របស់វារៀងៗខ្លួន ។
អត្ថប្រយោជន៍ នៃការងូតទឹកពេលព្រឹក
ការងូតទឹកនៅពេលព្រឹក គឺមានផលល្អជាង សម្រាប់អ្នកដែលមានស្បែក មានជាតិប្រេងច្រើន និងស្រអាប់ នេះដោយសារតែញើសបង្កើត ជាសារធាតុសេបូមនៅពេលយប់ ហើយក៏បន្សល់លើ ស្បែកដល់ពេលថ្ងៃ ព្រមទាំងអាចបណ្តាលឱ្យស្ទះរន្ធញើសទៀតផង។ ការងូតទឹកនៅពេលព្រឹកព្រលឹមនឹងពង្រឹងដល់របត់ឈាមរត់ បង្កើនចង្វាក់បេះដូង បំបាត់ការតឹងសាច់ដុំ និងល្អបំផុតក្នុងការកាត់បន្ថយអាការៈរឹងកញ្ចឹងក ឬឈឺខ្នង ។ ការងូតទឹកនៅព្រឹកព្រលឹមនឹងជួយឱ្យអ្នកស្វាងល្អជាងការញ៉ាំ កាហ្វេទៅទៀត ។
អត្ថប្រយោជន៍ នៃការងូតទឹកពេលល្ងាច
ការងូតទឹកពេលល្ងាច ត្រូវបានគេបញ្ជាក់ថាជាវិធីសាស្ត្រ ទប់ស្កាត់អាការៈគេងមិនលក់ ព្រោះវានឹងជួយបន្ធូរអារម្មណ៍ បានល្អតាមរយៈការបញ្ជូនសញ្ញាទៅរៀងកាយដើម្បីបញ្ចេញសារធាតុ Melatonin ដែលជាអ័រម៉ូនជំរុញ ដល់ការងងុយគេង ។ វាក៏ជួយកាត់បន្ថយសម្ពាធឈាម និងស្ត្រេសបានដែរ ដូច្នេះវាពិតជាវិធីសស្ត្រដ៏អស្ចារ្យមួយ ក្នុងការបន្ធូរអារម្មណ៍ក្រោយពីធ្វើការងារនឿយហត់ ពេញមួយថ្ងៃ ឬហាត់ប្រាណរួច។
អត្ថប្រយោជន៍មួយផ្សេងទៀត នៃការងូតទឹកពេលល្ងាច នឹងជួយឱ្យកម្រាលពូក ឬគ្រែរបស់អ្នកស្អាតបានយូរ។ ទោះបីជាអ្នកយល់ថាខ្លួនឯងជាមនុស្សស្អាតបាតយ៉ាងណាក៏ដោយ ក៏ស្បែកនៅតែមានភាពគគ្រិច ជាតិខ្លាញ់សេបូម និងក្អែលកើនឡើងជាប់រហូតដែរ។
ដូច្នេះតើអ្នកសម្រេចចិត្តយ៉ាងណាហើយ? ចុះពេលវេលាណាទៅដែលអ្នកនឹងត្រូវងូតទឹកនៅថ្ងៃស្អែកនេះ ពេលព្រឹក ឬល្ងាច?