មិនត្រឹមតែល្អសម្រាប់ សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានសូកូឡាខ្មៅ ក៏ប្រសើរសម្រាប់រក្សាសម្រស់ផងដែរ។ ខាងក្រោមជាមូលហេតុ ដែលអ្នកគួរញ៊ាំសូកូឡាខ្មៅ ៖
១. ការពារស្បែកពីកាំរស្មីយូវី
កាំរស្មីយូវីពីព្រះអាទិត្យអាចពន្លឿន ដំណើរនៃភាពចាស់តាមវ័យ របស់ស្បែកនិងសូម្បីតែបង្កើន ហានិភ័យនៃជំងឺមហារីក។ នេះហើយជាមូលហេតុដែលអ្នកចាំបាច់គួរ ប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃ រាល់ពេលត្រូវចេញក្រៅ។ ទោះជាយ៉ាងណាការទទួលទាន អាហារសម្រន់ធម្មតាៗដូចជាសូកូឡាខ្មៅក៏អាចជួយ ការពារស្បែកពីកាំរស្មីយូវីបានផងដែរ។ ប៉ុន្តែនេះក៏មិនមែនមានន័យថា អ្នកគួរឈប់ប្រើឡេលាបការពារកម្ដៅថ្ងៃដែរដោយជំនួសមកជាការ ញ៊ាំសូកូឡាតែមួយមុខឡើយ។
២. កាត់បន្ថយស្នាមខ្សែ និងស្នាមជ្រីវជ្រួញ
ធ្លាប់ដឹងទេថាការញ៊ាំសូកូឡាខ្មៅ អាចជួយបង្កើនកម្រិតនៃអ័រម៉ូន រីករាយនិងកាត់បន្ថយអ័រម៉ូនស្ត្រេស? ជាលទ្ធផលនៃការរីករាយ ឬសប្បាយចិត្តជាងមុន ហើយមិនសូវស្ត្រេស នោះឱកាសនៃការលេចឡើងនូវ ស្នាមខ្សែនិងស្នាមជ្រីវជ្រួញលើស្បែក នឹងត្រូវបានថយចុះតាមនោះដែរ។ ទោះជាយ៉ាងណាប្រសិនបើសញ្ញា នៃភាពចាស់មុនវ័យនេះ បានលេចឡើងរួចទៅហើយនោះ ការញ៊ាំសូកូឡាខ្មៅអាចជួយឱ្យមើលលែងសូវឃើញវិញ។
៣. ជួយកម្ចាត់រ៉ាឌីកាល់សេរី ដែលបង្កគ្រោះថ្នាក់
សូកូឡាខ្មៅជាប្រភពដ៏ប្រសើរ នៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានសមត្ថភាពកម្ចាត់រាល់រ៉ាឌីកាល់ សេរីបង្កគ្រោះថ្នាក់ដល់ស្បែក។ ជាលទ្ធផលការទទួលទានសូកូឡាខ្មៅ អាចជួយពន្យារដំណើរការនៃ ភាពចាស់តាមវ័យរបស់ស្បែកគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងសូកូឡាខ្មៅ ជួយការពារកូឡាជែនមិនឱ្យទទួលរងការបំផ្លាញ។ កូឡាជែនជាប្រូតេអ៊ីន មួយប្រភេទដែលជួយរក្សាភាពតឹងណែននៃស្បែកទប់ស្កាត់ បញ្ហាយារធ្លាក់ជ្រីវជ្រួញ។
៤. ជួយឱ្យស្បែកភ្លឹស្រស់ថ្លា
ក្រៅពីទទួលទានហើយនោះ អ្នកអាចរំលាយសូកូឡាខ្មៅបន្តិច រួចលាយជាមួយយ៉ាអួរសុទ្ធ និងលាបម៉ាស្សាលើស្បែកមុខ, ស្បែក-ក ឬផ្នែកណាមួយផ្សេងទៀតនៃរាងកាយ ដែលអ្នកចង់ឱ្យមានសភាពភ្លឺស្រស់ថ្លាជាងមុន។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទីសិន សឹមលាងសម្អាតចេញឱ្យ ជ្រះស្អាតជាការស្រេច។ ទោះជាយ៉ាងណាត្រូវប្រាកដថាសូកូឡា មិននៅក្ដៅខ្លាំងដែលអាចនាំឱ្យរលាកស្បែក។
៥. ជួយឱ្យសក់មានទម្ងន់ជាងមុន
មួយក្នុងចំណោមសារធាតុចិញ្ចឹម ផ្សេងទៀតដែលសូកូឡាមានផ្ទុកនោះ គឺជាតិរ៉ែស័ង្កសីល្អសម្រាប់ពន្លឿន ការលូតលាស់សក់និងផ្ដល់ទម្ងន់។ នេះហើយជាមូលហេតុដែល អ្នកគួរឧស្សាហ៍ញ៊ាំសូកូឡាខ្មៅ ប្រសិនបើចង់បានសក់ក្រាស់។ ជាតិស័ង្កសីក្នុងសូកូឡាខ្មៅក៏ជួយទប់ទល់បញ្ហាសក់ជ្រុះបានផងដែរ៕
ប្រភព៖ Health