ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការកាត់បន្ថយការប្រើប្រាស់សាច់ក្រហម សាច់កែច្នៃ ការទទួលទានផ្លែឈើ និងបន្លែច្រើន អាចបង្កើនអាយុកាល ជាមធ្យមក្នុងរយៈពេល ៨ ខែ ពីព្រោះ វានឹងកាត់បន្ថយការស្លាប់ ដោយសារជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីកផងដែរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អនុសាសន៍របស់ពួកគេ គឺជាផ្នែកមួយ នៃរបាយការណ៍របស់បណ្ឌិត្យ សភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងសង្គមជាតិបានពិនិត្យមើលថា តើវិធានការផ្លាស់ប្តូរអាកាសធាតុ អាចធ្វើឲ្យសុខភាព ប្រជាជនប្រសើរឡើង និងជួយសង្គ្រោះជីវិត មនុស្សទាំងបច្ចុប្បន្ន នឹងរយៈពេលវែងបានយ៉ាងដូចម្តេច។
ក្រុមអ្នកជំនាញបាននិយាយថា ការបង្កើនសកម្មភាពរាងកាយ ដោយការជិះកង់ ឬដើរជាជាងការបើកបរនឹងមិនត្រឹមតែ ផ្តល់អត្ថប្រយោជន៍ ដល់សុខភាពនោះទេ ប៉ុន្តែថែមទាំងអាចជួយសង្គ្រោះ NHS ចំនួន ១៧ ពាន់លានផោនក្នុងរយៈពេល ២០ ឆ្នាំទៀតផង។
ការស្រាវជ្រាវបានបន្ថែមថា ការបញ្ឈប់ឥន្ធនៈហ្វូស៊ីលអាចកាត់បន្ថយ ការស្លាប់មុនអាយុ ៣៦.០០០ នាក់ ក្នុងមួយឆ្នាំ ពីការបំពុលបរិយាកាស ខណៈអ៊ីសូឡង់ផ្ទះល្អប្រសើរនឹងការពារការស្លាប់ ទាក់ទងនឹងសីតុណ្ហភាពទាប ដែលមានរហូតដល់ ៥០.០០០ នាក់ស្លាប់ក្នុងមួយឆ្នាំ៕ ដោយ៖លី ភីលីព