បរទេស៖ ដំបូងឡើយ ក្រលៀនរបស់សត្វជ្រូក ត្រូវបានប្តូរមកមនុស្សដោយជោគជ័យ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ NYU Langone Health ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ការប្តូរសរីរាង្គថ្មីថ្មោងនេះ នៅទីបំផុតអាចយកឈ្នះ លើការខ្វះសរីរាង្គមនុស្ស ដើម្បីប្តូរសរីរាង្គ។ នេះបើយោងតាមវេជ្ជបណ្ឌិត។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ជ្រូកដែលមានហ្សែន ផ្លាស់ប្តូរសិប្បនិម្មិត ត្រូវបានគេប្រើ ដើម្បីឱ្យជាលិការបស់វា គឺលែងមានម៉ូលេគុលជាតិស្ករ alpha-gal ដែលត្រូវបានគេដឹងថា បង្កឱ្យមានការបដិសេធស្ទើរតែភ្លាមៗ ដូចដែលរាយការណ៍ដោយរ៉យទ័រ។

គ្រូពេទ្យវះកាត់បានបង្ហាញថា អ្នកទទួលក្រលៀននេះ គឺជាអ្នកជំងឺដែលស្លាប់ខួរក្បាល ដែលមានរោគសញ្ញា ខ្សោយតំរងនោម។ ក្រុមគ្រួសាររបស់អ្នកជំងឺបានយល់ព្រម ចំពោះការពិសោធន៍នេះ មុនពេលដែលនាង ត្រូវបានគេគ្រោងនឹងដកចេញ ពីការទ្រទ្រង់ជីវិត។ ក្រុមនេះបានភ្ជាប់ក្រលៀនជ្រូក ទៅនឹងសរសៃឈាមធំមួយគូ នៅខាងក្រៅរាងកាយរបស់អ្នកទទួល ក្រោមការតាមដានរយៈពេលពីរទៅបីថ្ងៃ។ គួរឱ្យភ្ញាក់ផ្អើលតម្រងនោម បានច្រោះកាកសំណល់ និងផលិតទឹកនោម ដោយគ្មានការបដិសេធ (ច្រាលមកវិញ)៕ ប្រែសម្រួលៈ ណៃ តុលា

