ការទទួលទានអាហារផ្ដេសផ្ដាស នៅពេលមានជំងឺរលាកក្រពះ អាចបណ្ដាលឱ្យស្ថានភាព កាន់តែធ្ងន់ធ្ងរឡើង។ ហើយអ្នកនឹងទទួលរងការឈឺចាប់ខ្លាំងពិបាកទ្រាំ ក្នុងពោះជាក់ជាមិនខាន! ជំងឺរលាកក្រពះ គឺជាការរលាកដែលកើតឡើង លើស្រទាប់នៃក្រពះ។ កត្តាច្រើនណាស់ដែលបណ្ដាលឱ្យកើតមាន បញ្ហារលាកក្រពះ រួមទាំងការស្ត្រេស ជម្រើសនៃអាហារ គ្រឿងស្រវឹង និងសូម្បីតែការទទួលទានថ្នាំមួយចំនួន។ ទោះជាយ៉ាងណាជំងឺរលាកក្រពះ អាចឆាប់ជាសះស្បើយ ដោយចាប់ផ្ដើមចេញពីការ ផ្លាស់ប្ដូររបបអាហារនិងទម្លាប់ខ្លះៗ។ ខាងក្រោមនេះជាភេសជ្ជៈដែលល្អ សម្រាប់អ្នកជំងឺរលាកក្រពះ ៖
១. ទឹកដូង
ជាពិសេសដូងខ្ចី គឺល្អណាស់សម្រាប់ផ្ដល់ភាពធូរស្បើយ ដល់ស្រទាប់ក្រពះដែលទទួលរង ការរលាកតាមរយៈលក្ខណៈសម្បត្តិ ប្រឆាំងការរលាកដែលភេសជ្ជៈធម្មជាតិនេះមានផ្ទុក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកដូង ១កែវនៅចន្លោះម៉ោងអាហារទាំងបីពេល។
២. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយនិងទឹកឃ្មុំធម្មជាតិ ១ស្លាបព្រាកាហ្វេក្នុងទឹក ១កែវ។ កូរឱ្យសព្វ សឹមទទួលទានម្ដង ឬ២ដងក្នុងមួយថ្ងៃ។
៣. ទឹកប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទាន ទឹកប្រទាលកន្ទុយក្រពើសុទ្ធ ១០០ភាគរយឱ្យបានពី ១ ទៅ ២កែវក្នុងមួយថ្ងៃ។ ប្រទាលកន្ទុយក្រពើល្អសម្រាប់ផ្ដល់ភាពធូរស្បើយដល់ក្រពះដែលរលាក។ ភេសជ្ជៈនេះក៏កាត់បន្ថយការ រលាកនៃស្រទាប់ក្រពះ និងទប់ស្កាត់ការឆ្លងមេរោគដែលបង្កឡើងដោយបាក់តេរី តាមរយៈលក្ខណៈសម្បត្តិប្រឆាំង ការរលាកនិងប្រឆាំងបាក់តេរីផងដែរ។
៤. តែបៃតង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមត្រងកាកចេញ និងបន្ថែមទឹកឃ្មុំ ១ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វ សឹមទទួលទានឱ្យបាន ២ពែងក្នុងមួយថ្ងៃ។ តែបៃតងមានផ្ទុកសម្បូរ ទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារស្រទាប់ក្រពះ និងបំបាត់រោគសញ្ញានៃជំងឺរលាកក្រពះ។ ការទទួលទានតែបៃតងជាប្រចាំ ក៏ជួយព្យាបាលជំងឺរលាកក្រពះរ៉ាំរ៉ៃផងដែរ។
៥. យ៉ាអួរសុទ្ធ
ប្រសិនបើអ្នកចង់ប្រយុទ្ធប្រឆាំង នឹងការរលាកដែលកើតឡើងក្នុងក្រពះ ចូរបន្ថែមយ៉ាអួរក្នុងរបប អាហារប្រចាំថ្ងៃរបស់អ្នក។ យ៉ាអួរមានផ្ទុកជាតិប្រូបាយអូទិកដែលជួយបង្កើន ការផលិតបាក់តេរីល្អៗក្នុងក្រពះនិងពោះវៀន។ អ្នកអាចទទួលទានយ៉ាអួរ ១ ឬ ២ពែងក្នុងមួយថ្ងៃ។
៦. ភេសជ្ជៈទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមទឹកឃ្មុំ ២ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមទទួលទាននៅពេលព្រឹកពោះទទេរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមាន បំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវ ចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
ប្រភព៖ Health