ទោះបីជាចូលចិត្ត និងឧស្សាហ៍ទទួលទាន ញឹកញាប់ប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើង ប្រហែលជាមិនធ្លាប់ដឹងទេថា ផ្លែស្ពឺអាចផ្ដល់អត្ថប្រយោជន៍ ពិសេសៗអ្វីខ្លះចំពោះសុខភាព។ កុំបារម្ភ! ខាងក្រោមជាពីមូលហេតុ ដែលអ្នកគួររៀនញ៉ាំផ្លែស្ពឺ ៖
១. បន្សាបជាតិពុលពីក្នុងរាងកាយ
ផ្លែស្ពឺមានផ្ទុកលក្ខណៈសម្បត្តិ បញ្ចុះទឹកនោមដែលអាចជួយ បញ្ចេញជាតិទឹកដែលលើស និងកម្ចាត់ជាតិពុលពីក្នុងរាងកាយ។ ផ្លែឈើនេះក៏ជួយក្នុងការសម្អាតថ្លើម និងតម្រងនោមផងដែរ។ ទោះជាយ៉ាងណា ការសិក្សាស្រាវជ្រាវ មួយចំនួនបានបង្ហាញថា សម្រាប់អ្នកដែលកំពុងជួបប្រទះ បញ្ហាណាមួយពាក់ព័ន្ធនឹងតម្រងនោម គួរចៀសវាងទទួលទានផ្លែស្ពឹទើបប្រសើរ។
២. មានផ្ទុកសម្បូរដោយវីតាមីន B និងវីតាមីន C
ផ្លែស្ពឺមានផ្ទុកសម្បូរដោយវីតាមីន B, វីតាមីន C និងអាស៊ីត gallic ដែលចាំបាច់សម្រាប់រក្សាភាពរឹងមាំ ក៏ដូចជាធ្វើឱ្យប្រព័ន្ធភាពស៊ាំ រាងកាយកាន់តែមាន លក្ខណៈប្រសើរឡើង។ សារធាតុចិញ្ចឹមទាំងនេះ ក៏ជួយពង្រឹងសុខភាពសក់ និងការពារស្បែកមិនឱ្យទទួល រងផលប៉ះពាល់ពីកាំរស្មីយូវីផងដែរ។
៣. ប្រភពដ៏ប្រសើរនៃជាតិសសៃ
ជាតិសសៃក្នុងផ្លែស្ពឺ Soluble គឺចាំបាច់ណាស់សម្រាប់ដំណើរការ មុខងារល្អប្រសើរនៃ ប្រព័ន្ធរំលាយអាហារ។ ផ្លែឈើនេះក៏មានផ្ទុកជាតិសសៃប្រភេទ insoluble dietary ដែលទប់ស្កាត់ការស្រូបយក ជាតិកូឡេស្តេរ៉ូលក្នុងស្រទាប់ពោះវៀន ដែលជាលទ្ធផលកាត់បន្ថយ ហានិភ័យនៃបញ្ហាបេះដូង និងជំងឺធាត់ជ្រុលគួរឱ្យកត់សម្គាល់។
៤. មានផ្ទុកកាឡូរីនិងជាតិស្ករទាប
ផ្លែស្ពឺ គឺជាជម្រើសនៃផ្លែឈើ ដ៏សាកសមបំផុតមួយសម្រាប់ អ្នកដែលមានរបបអាហារមានផ្ទុកកាឡូរី, កាបូអ៊ីដ្រាត ព្រមទាំងកម្រិតនៃជាតិស្ករទាប។ ផ្លែស្ពឺទំហំកណ្ដាលមួយផ្លែប្រមាណ ១០០ក្រាម មានផ្ទុកកាបូអ៊ីដ្រាតតែជាង ៦ក្រាម និងជាតិស្ករ ៣ក្រាមប៉ុណ្ណោះ។
៥. ទប់ស្កាត់ការរលាកក្នុងរាងកាយ
កម្រិតនៃសារធាតុប្រឆាំង អុកស៊ីតកម្មខ្ពស់ក្នុងផ្លែស្ពឹ ផ្ដល់ឱ្យវានូវលក្ខណៈសម្បត្តិប្រឆាំង ការរលាកដែលជួយបំបាត់រោគសញ្ញា នៃជំងឺស្បែកបង្កឡើងដោយការ រលាកដូចជាជំងឺសើស្បែក dermatitis និងជំងឺសើស្បែក psoriasis។
៦. សម្រួលការរំលាយអាហារ និងការដុតរំលាយអាហារក្នុងរាងកាយ
វត្តមាននៃវីតាមីន B ឬ សារធាតុ riboflavin និងអាស៊ីត folic ក្នុងផ្លែស្ពឹអាចជួយសម្រួល ដល់ការរំលាយអាហារ ក៏ដូចជាការគ្រប់គ្រងការ ដុតរំលាយអាហារគួរឱ្យកត់សម្គាល់។
៧. ធ្វើឱ្យសុខភាពបេះដូង មានលក្ខណៈប្រសើរឡើង
ផ្លែស្ពឹមានផ្ទុកសម្បូរទៅដោយ សារធាតុចិញ្ចឹមដែលមានអត្ថប្រយោជន៍ ចំពោះសុខភាពបេះដូង ជាពិសេសប៉ូតាស្យូម និងសូដ្យូមដែលជាអេឡិចត្រូលីត្រ ចាំបាច់ជួយក្នុងការគ្រប់គ្រងសម្ពាធឈាម និងសុខភាពសសៃឈាមបេះដូង។
៨. ជួយឱ្យឆាប់គេងលក់បានស្កប់
ប្រសិនបើអ្នកមានបញ្ហាពិបាកនឹងគេងលក់ ចូរសាកល្បងរួមបញ្ចូល ផ្លែស្ពឹក្នុងរបបអាហារប្រចាំថ្ងៃ ខណៈដែលផ្លែឈើនេះមានផ្ទុក ជាតិម៉ាញ៉េស្យូមល្អសម្រាប់ជួយ ឱ្យឆាប់គេងលក់ស្រួល។ ជាតិរ៉ែម៉ាញ៉េស្យូមក្នុងផ្លែស្ពឺ ក៏ជួយឱ្យសមាសធាតុគីមី Gamma-aminobutyric acid (GABA) មានភាពសកម្មជួយឱ្យអ្នកគេងលក់ បានស្កប់ប្រសើរផងដែរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវ ដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាល ដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាល ដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយ គ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ ៕
ប្រភព៖ Health