គ្មានអ្វីដែលអាចយកឈ្នះបាន នូវការយំដ៏ល្អមួយនោះទេ ដែលវាគឺជាពេលមួយ ដែលអ្នកអាចយំ បញ្ចេញនូវការឈឺចាប់ និង សម្ពាធទាំងអស់របស់អ្នកបាន។ វាមានប្រសិទ្ធភាពដូចជាឱសថ សម្រាប់ ព្យាបាល ផ្លូវចិត្តរបស់អ្នក និង សម្រាលនូវភាពព្រួយបារម្ភទាំងអស់ ដែលជាប់គាំងនៅក្នុងខ្លួន អ្នក។ ដូចនេះ ចូរអ្នក បន្តអាននូវ ចំណុចខាងក្រោមនេះ ដើម្បីស្វែងយល់នូវអត្ថប្រយោជន៍របស់វា ចំពោះ មនុស្ស រាល់គ្នា ។
១. បញ្ចេញនូវសារជាតិពុល ដែលមាននៅក្នុងខ្លួន
នេះគឺជាអត្ថប្រយោជន៍មួយ ដ៏ល្អបំផុតសម្រាប់រាងកាយ នៃការយំ។ ជាការពិតណាស់ ការយំបញ្ចេញ នូវភាពតានតឹងក្នុងអារម្មណ៍ អាចជួយបញ្ចេញនូវសារជាតិពុល ជាច្រើនដែលផ្តល់ផលអាក្រក់នៅក្នុង រាងកាយចេញមកផ្នែកខាងក្រៅបាន។ ជាតិពុលទាំងនេះ អាចនឹងប៉ះពាល់ដល់ ប្រព័ន្ធផ្នែកខាងក្នុងនៃ រាងកាយ ក្នុងករណីណា ដែលវាមិនបានបញ្ចេញមកក្រៅបានទាន់ពេលវេលាល្អ ។ ជាពិសេសជាងនេះ ទៅទៀត ការយំគឺអាចជួយបញ្ចេញនូវ សារជាតិមិនល្អដែលមាននៅក្នុងភ្នែករបស់អ្នក។ វាអាចជួយ សម្អាត និង ផ្តល់សំណើមដល់កែវភ្នែករបស់អ្នកបាន ។
២. ធ្វើអោយអ្នកខ្លាំងជាងមុន
ការយំ គឺហាក់បីដូចជា ការធ្វើលំហាត់ប្រាណមួយ ចំពោះផ្នែកសតិអារម្មណ៍។ ការបញ្ចេញមកនូវ បញ្ហា និង ការព្រួយបារម្ភទាំងអស់របស់អ្នក គឺពិតជាមានភាពប្រសើរជាងការ ដែលអ្នកត្រូវបង្ខំលាក់ទុក វានៅក្នុងចិត្ត។ វាហាក់ដូចជាលំហាត់ប្រាណមួយ ចំពោះបេះដូង ដែលនៅក្នុងពេលនោះ បេះដូង របស់អ្នក នឹងមានសភាពកាន់តែរឹងមាំ ដែលបញ្ហាតូចតាចអ្វីមួយនឹងមិន អាចជះឥទ្ធិពលបាន ដល់អ្នក ទៀតនោះទេ ។
៣. ធ្វើអោយអ្នកមានអារម្មណ៍ថា ធូរស្រាលជាងមុន
មានមនុស្សជាច្រើន បានសារភាពថា ក្រោយពីពួកគេបានយំ ពួកគេគឺហាក់នឹងមានអារម្មណ៍ថា ស្រស់ថ្លាជាងមុន។ តើអ្វីជាការពន្យល់ចំពោះ មូលហេតុនេះ? គឺថាការយំ បានបញ្ចេញនូវអរម៉ូនម្យ៉ាង ដែលត្រូវបានគេហៅថា អង់ដូហ្វីន ដែលវាបានដើរតួនាទី ដូចជាថ្នាំបំបាត់ការឈឺចាប់ សម្រាប់រាងកាយ របស់អ្នក។ នៅពេលដែលអ្នកកំពុងមានភាពថប់បារម្ភ និង តានតឹងទៅដោយបញ្ហា នោះការយំ គឺអាចជួយ ធ្វើអោយផ្លូវចិត្តអ្នកស្ងប់ និងមាន អារម្មណ៍ថាស្រាកស្រាន្ត នៅពេលអ្នកបានយំហើយ ។
៤. ការពារដល់បញ្ហាចំពោះបេះដូង
ការសិក្សាបានបង្ហាញថា ចំពោះអ្នកទាំងឡាយណាដែលបាន បញ្ចេញការឈឺចាប់របស់ពួកគេ គឺហាក់ នឹងមិនសូវរងគ្រោះពីជំងឺបេះដូងទេ នេះបើធ្វើការប្រៀបធៀបនឹង មនុស្សផ្សេងទៀតដែលព្យាយាម លាក់បាំងនូវការឈឺចាប់របស់ពួកគេ។ វាអាចការពារខ្លួនអ្នកបាន ពីបញ្ហាចំពោះបេះដូង។ នៅពេលណា ដែលអ្នកអាចធ្វើបាន អ្នកគួរតែយំបញ្ចេញនូវភាពតានតឹងនោះមក ។
ទាំងនេះ មិនមែនបានន័យថា អ្នកត្រូវតែយំ ចំពោះគ្រប់រឿងរ៉ាវ និង រាល់បញ្ហាដែលកើតមាន នៅចំពោះមុខអ្នកដទៃនោះទេ។ តែទោះជាយ៉ាងណាក្តី នៅពេលណាដែលអ្នក យល់ថាការឈឺចាប់របស់ អ្នកហាក់នឹងមានភាពកើនឡើងខ្លាំង វាគឺពិតជាសាកសម សម្រាប់អ្នកក្នុងការ យំបញ្ចេញវាមកក្រៅ ជាជាងការ ខំប្រឹងទប់លាក់វានៅក្នុងចិត្តតែឯង ដែលវាអាចនឹងផ្តល់នូវ ផលប៉ះពាល់ចំពោះសុខភាពផ្លូវ ចិត្តរបស់អ្នក។ ប្រសិនបើអ្នក មានអារម្មណ៍ឆ្គាំឆ្គងនឹងការយំ ចំពោះមុខអ្នកដទៃ នោះអ្នកអាចសំងំនៅក្នុង បន្ទប់តែឯង និង យំបញ្ចេញនូវការឈឺចាប់ទាំងអស់របស់អ្នក។ វានឹងធ្វើអោយអ្នកមានអារម្មណ៍ថា វាល្អប្រសើរជាង មុន នៅពេលដែលអ្នកបានចេញមកក្រៅ ៕
ប្រភព៖ Health