ល្ពៅ គឺជាបន្លែ ឬផ្លែឈើពណ៌លឿងមួយប្រភេទ ដែលបងប្អូនខ្មែរយើងចូលចិត្ត យកធ្វើជាអាហារផ្សេងៗ ឬបង្អែមផងដែរ។ ថ្មីៗនេះ អ្នកឯកទេសផ្នែកអាហារូបត្ថម្ភ នៅទីក្រុងញូវយ៉ក បានផ្តល់អនុសាសន៍ឲ្យគ្រប់គ្នា បន្ថែមល្ពៅទៅក្នុងរបបអាហារជាប្រចាំ ព្រោះវាអាចផ្តល់សារធាតុរ៉ែសំខាន់ៗ ៣យ៉ាង។
១.សម្បូរជាតិសរសៃ
ល្ពៅ មានផ្ទុកជាតិសរសៃច្រើន ដែលអាចជួយបន្ទន់លាមក សម្រួលដល់ប្រព័ន្ធរំលាយអាហារ និងរក្សាកម្រិតជាតិស្ករ ក្នុងឈាមឲ្យមានស្ថិរភាព។ ជាពិសេសការទទួលទានល្ពៅ ជារបបអាហារប្រចាំថ្ងៃ អាចជួយសម្រកទម្ងន់បាន ព្រោះវាអាចជួយជំរុញដល់ចលនាពោះវៀន និងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។
២.វីតាមីន A
ដោយសារតែល្ពៅមានផ្ទុកសារធាតុ បេតាការ៉ូទីន អាចបំលែងទៅជាវីតាមីន A នៅពេលដែលវាត្រូវបានបំបែកចេញ ហើយស្រូបចូលក្នុងក្រពះ។ ប្រភពសារធាតុចិញ្ចឹមដ៏អស្ចារ្យមួយនេះ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយបង្កើនប្រព័ន្ធភាពស៊ាំ ឲ្យកាន់តែមានភាពប្រសើរឡើង។
ការស្រាវជ្រាវបានបង្ហាញថា ការទទួលទានរបបអាហារ ដែលមានផ្ទុកសារធាតុបេតាការ៉ូទីន អាចកាត់បន្ថយហានិភ័យ នៃសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ហើយអត្រានៃជំងឺមហារីកមាត់ និងសួតមានកម្រិតទាប។
៣.វីតាមីន C
ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា វីតាមីន C អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងមេរោគផ្តាសាយទូទៅ។ ស្ត្រីដែលទទួលទានរបបអាហារ សម្បូរទៅដោយវីតាមីន C ត្រូវបានគេអះអាងថា អាចជួយការពារស្នាមជ្រួញ និងបញ្ហាស្បែកស្ងួត។
ការស្រាវជ្រាវថ្មីៗនេះ បានគេរកឃើញថា អ្នកដែលបរិភោគអាហារមានកម្រិតវីតាមីន C មានសក្តានុពលក្នុងការកាត់បន្ថយ ហានិភ័យនៃជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល។
ដោយសារតែល្ពៅ មានអត្ថប្រយោជន៍អស្ចារ្យយ៉ាងនេះហើយ ទើបក្រុមអ្នកជំនាញបាន ផ្តល់អនុសាសន៍ឲ្យគ្រប់គ្នា ព្យាយាមទទួលទានផ្លែល្ពៅ ជារបបអាហារឲ្យបានញឹកញប់ ៕