គីវី ត្រូវបានគេចាត់ទុកជា ផ្លែឈើមួយប្រភេទក្នុងចំណោម ផ្លែឈើជាច្រើន ដែលមានផ្ទុកសារធាតុ សំខាន់ៗពីធម្មជាតិ ដែលអាចជួយរក្សារាងកាយ ឲ្យមានសុខភាពល្អ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ មិននឹកស្មានដែលបាន មកពីការទទួលទានផ្លែគីវី៖
ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម
ផ្លែគីវី ពោរពេញទៅដោយអង់ទីអុកស៊ីដង់ វីតាមីន C សមាសធាតុ phenolic និង carotenoids។ សារធាតុទាំងនេះអាចជួយការពារ DNA កោសិកានៅក្នុងរាងកាយ មិនឲ្យមានការខូចខាត និងលើកកម្ពស់ដល់សុខភាព។
សម្បូរវីតាមីន C
ផ្លែគីវី ១០០ក្រាម មានផ្ទុកវីតាមីន C រហូតដល់ទៅ ១៥៤ភាគរយ ដែលរាងកាយត្រូវការជារៀងរាល់ថ្ងៃ។ វីតាមីណ C ដើរតួនាទីជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពល អាចជួយកាត់បន្ថយរ៉ាឌីកាល់សេរី ដែលអាចបណ្តោលឲ្យ កើតមានជំងឺមហារីក។ វីតាមីន C ក៏អាចជួយបង្កើនប្រព័ន្ធភាពស៊ាំផងដែរ។
ធ្វើឲ្យសរសៃឈាមបេះដូង មានភាពប្រសើរឡើង
ផ្លែគីវី សម្បូរទៅដោយវីតាមីន C វីតាមីន E និងប៉ូតាស្យូម ដែលល្អបំផុតស្រាប់លើកកម្ពស់ ដល់សុខភាពសរសៃឈាមបេះដូង។ ការទទួលទានផ្លែគីវី អាចជួយកាត់បន្ថយ គ្រោះថ្នាក់នៃការកកឈាម និងបង្ការជំងឺបេះដូង។
ជំរុញដល់ការស្រូបយកជាតិដែក
ការទទួលទានផ្លែគីវី ទៀងទាត់ អាចជួយជំរុញឲ្យរាងកាយ ស្រូបយកជាតិដែកបានល្អ។ មិនតែប៉ុណ្ណោះ វីតាមីន C និងសារធាតុគីមី នៅក្នុងផ្លែគីវី អាចជួយការពាររាងកាយកុំឲ្យខ្វះជាតិដែក។ ដូច្នេះ អ្នកគួរតែបង្កើនការញ៉ាំផ្លែគីវី ឲ្យបានច្រើន។
ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
គីវី មានផ្ទុកអង់ស៊ីម ដែលជាប្រូតេអ៊ីនរលាយ។ ប្រសិនបើអ្នកញ៉ាំបន្ទាប់ពី ទទួលទានអាហារ វានឹងជួយ ដល់ប្រព័ន្ធរំលាយអាហារ ឲ្យដំណើរការបានល្អ។ លើសពីនេះទៅទៀត វានឹងជួយក្នុងការរំលាយប្រូតេអ៊ីន និងការពារការលាកពោះវៀនធំ។
ថែរក្សាភ្នែក
ផ្លែគីវី គឺជាប្រភពដ៏ល្អនៃ សារធាតុគីមីពីធម្មជាតិ ដែលអាចជួយព្យាបាលការលាក។ លើសពីនេះវីតាមីន A និងសារធាតុ phytochemicals របស់វា អាចជួយការពារភ្នែកឡើងបាយ ជំងឺភ្នែកផ្សេងៗ និងថែរក្សាភ្នែកឲ្យមានសុខភាពល្អ។
មានប្រយោជន៍សម្រាប់ស្ត្រីមានផ្ទៃពោះ
ផ្លែគីវី គឺជាប្រភពដ៏ល្អ នៃអាស៊ីតហ្វូលិក ដែលចាំបាច់បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាអាចជួយបង្ការការបាត់បង់ បំពង់សរសៃប្រសាទចំពោះទារក និងជំរុញដល់ការអភិវឌ្ឍ ខួរក្បាលបានយ៉ាងល្អ។ អាស៊ីតហ្វូលិក មិនត្រឹមតែអាចជួយ អភិវឌ្ឍទារកក្នុងផ្ទៃនោះទេ វាថែមទាំងអាចជួយឲ្យទារក មានសុខភាពល្អក្រោយពេលកើតផងដែរ។
ការពារជំងឺមហារីក
ផ្លែគីវី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoids វីតាមីន និងជាតិសរសៃ ដែលអាចជួយការពារជំងឺមហារីក និងការពារ DNA មិនឲ្យមានការខូចខាត។
ពង្រឹងប្រព័ន្ធភាពស៊ាំ
ផ្លែគីវី អាចជួយបង្កើនប្រព័ន្ធ ភាពស៊ាំឲ្យកាន់តែរឹងមាំ ប្រសិនបើអ្នកទទួលទានរាល់ថ្ងៃ។ លើសពីនេះ វាអាចជួយគាំទ្រដល់រាងកាយ ប្រយុទ្ធប្រឆាំងនឹងពពួកមេរោគផ្សិត ព្រមទាំងបាក់តេរីផ្សេងៗថែមទៀត ៕