ផ្លែភ្ញៀវ គឹជាផ្លែឈើមួយប្រភេទ ដែលមានរសជាតិជូរអែម ហើយអាចទទួលទានបានទាំងឆៅ និងទាំងសំបកតែម្ដង។ មនុស្សភាគច្រើនយកផ្លែភ្ញៀវ មកទទួលទានលេង ដោយមិនបានចាប់អារម្មណ៍ដឹងថា ផ្លែឈើនេះអាចផ្ដល់នូវ អត្ថប្រយោជន៍អស្ចារ្យជាច្រើន ចំពោះសុខភាពរបស់ពួកគេឡើយ។
១. ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ
សារធាតុចិញ្ចឹមចាំបាច់មួយ ដែលមានផ្ទុកនៅក្នុងផ្លែភ្ញៀវ គឺវីតាមីន C ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឲ្យប្រព័ន្ធភាពស៊ាំ មានភាពប្រសើរឡើង។ ការរក្សាបាននូវប្រព័ន្ធភាពស៊ាំរឹងមាំ គឺសំខាន់ណាស់ ដើម្បីទប់ស្កាត់បញ្ហាជំងឺផ្សេងៗ។ ហើយប្រព័ន្ធភាពស៊ាំរឹងមាំ ក៏ជួយអ្នកឲ្យជៀសឆ្ងាយ ពីមេរោគឆ្លងដូចជា ជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ ជាដើមផងដែរ។
២. ជួយឲ្យស្បែករឹងមាំស្រស់ស្អាត
វីតាមីន C គឺមិនត្រឹមតែសំខាន់ ដើម្បីរក្សាបាននូវប្រព័ន្ធ ភាពស៊ាំរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់សម្រាប់សុខភាព ស្បែកល្អរឹងមាំស្រស់ស្អាត ក្មេងជាងវ័យដែរ។ នេះក៏ព្រោះតែវីតាមីន C ជួយព្យាបាលជួសជុល ស្បែកដែលខូចខាត ក៏ដូចជាសំយោគកូឡាជែន ដែលជួយធ្វើឲ្យស្បែកមិនងាយចាស់ ឬឆាប់ជ្រីវជ្រួញទៀតផង។
៣. ពង្រឹងសុខភាពអញ្ចាញធ្មេញ
លើសពីនេះទៅទៀត វីតាមីន C ដែលមានផ្ទុកក្នុងផ្លែភ្ញៀវ គឺសំខាន់ណាស់សម្រាប់ សុខភាពអញ្ចាញធ្មេញរឹងមាំ។
៤. ទប់ស្កាត់ហានិភ័យ នៃជំងឺខ្វះជាតិដែក
កង្វះជាតិដែកក្នុងរាងកាយ ឬបញ្ហាខ្វះគ្រាប់ឈាមក្រហម គឺជាបញ្ហាមួយទាក់ទងនឹងឈាម។ កង្វះនៃគ្រាប់ឈាមក្រហម នឹងបង្អាក់ការផ្គត់ផ្គង់អុកស៊ីសែន គ្រប់គ្រាន់ក្នុងរាងកាយ ហើយបង្កបញ្ហាសុខភាពគួរឲ្យព្រួយបារម្ភ។ ទោះជាយ៉ាងណា ផ្លែភ្ញៀវ គឺមានផ្ទុកសម្បូរទៅដោយជាតិដែក ហើយនេះមានន័យថា អ្នកគួររួមបញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីជៀសផុតពីបញ្ហាខ្វះជាតិដែក ឬកង្វះគ្រាប់ឈាមក្រហមក្នុងរាងកាយ។
៥. កាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់
នេះ គឺជាមូលហេតុមួយទៀត ដែលបញ្ចាក់ឲ្យឃើញថា ផ្លែភ្ញៀវ គឺល្អសម្រាប់សុខភាពឈាមរបស់អ្នក ដោយវាមានផ្ទុកនូវជាតិប៉ូតាស្យូម។ ផ្លែឈើនេះ គឺល្អដូចទៅនឹងផ្លែចេកដែរ ក្នុងការបង្ការការឡើងខ្ពស់ នៃសម្ពាធឈាម ក៏ដូចជាកាត់បន្ថយសម្ពាធឈាម ដែលឡើងខ្ពស់។ ផ្លែភ្ញៀវ ក៏ជួយរក្សាកម្រិតធម្មតានៃ សម្ពាធឈាមដែលជួយឲ្យអ្នកជៀសផុត ពីបញ្ហានៃជំងឺលើសសម្ពាធឈាម និងជំងឺបេះដូងផងដែរ។
៦. ទប់ស្កាត់ជំងឺពុកឆ្អឹង
សារធាតុរ៉ែដ៏សំខាន់មួយទៀត ដែលមានផ្ទុកក្នុងផ្លែភ្ញៀវ គឺកាល់ស្យូម។ ភាគច្រើននៃពួកយើង សុទ្ធតែបានដឹងហើយថា កាល់ស្យូម គឺជាសារធាតុចាំបាច់ជួយ ធ្វើឲ្យឆ្អឹងមានសុខភាពរឹងមាំ។ ដូច្នេះការទទួលទានផ្លែភ្ញៀវជាប្រចាំ រួមផ្សំជាមួយការធ្វើលំហាត់ ប្រាណទៀងទាត់ទៀតនោះ នឹងធ្វើឲ្យអ្នកជៀសឆ្ងាយពីជំងឺពុកឆ្អឹង ប្រកបដោយប្រសិទ្ធិភាព។
៧. សម្រួលដល់ការរំលាយអាហារ
ការទទួលទានផ្លែភ្ញៀវជាប្រចាំ ជួយសម្រួលដល់ដំណើរការ នៃការរំលាយអាហារ ដោយសារផ្លែ
ឈើនេះមានផ្ទុកនូវជាតិសសៃខ្ពស់ ដែលជម្រុញការផលិត ទឹកក្រពះរំលាយអាហារ។ លើសពីនេះទៅទៀតជាតិសសៃ ក៏ជួយសម្រួលដល់ចលនានៃ ពោះវៀនដែលជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកពោះវៀន និងជំងឺឬសដូងបាតផងដែរ ៕