មនុស្សភាគច្រើនប្រហែលជាដឹងហើយថា ស៊ុត គឺជាអាហារសម្បូរជីវជាតិដែល ផ្តល់អត្ថប្រយោជន៍ដល់សុខភាពច្រើនបំផុត។ ស៊ុតមាន់ ស៊ុតទា ឬស៊ុតក្ងាន ត្រូវបានគេកែច្នៃធ្វើជា អាហារជាច្រើនប្រភេទ ហើយសមស្របទៅតាម មនុស្សគ្រប់វ័យផងដែរ។
នៅជុំវិញពិភពលោក ស៊ុត គឺជាអាហារមួយក្នុងចំណោម អាហារដែលគេនិយមប្រើប្រាស់បំផុត នៅពេលព្រឹក។ ពួកវាសម្បូរទៅដោយជាតិប្រូតេអ៊ីន ដែលអាចជួយផ្តល់ ថាមពលពេញមួយថ្ងៃ។
លើសពីនេះទៅទៀត ប្រូតេអ៊ីន និងសារធាតុរ៉ែសំខាន់ៗដទៃទៀត ដែលត្រូវបានរកឃើញនៅក្នុងស៊ុត ក៏អាចជួយបង្កើតសាច់ដុំ ការពារឆ្អឹង និងធ្វើឲ្យប្រសើរឡើង សម្រាប់ការមានគភ៌។
ក៏ប៉ុន្តែ តើទម្លាប់ការរក្សាស៊ុត ក្នុងទូរទឹកកក ជារឿងត្រឹមត្រូវឬទេ?
ជាញឹកញាប់ យើងតែងតែរក្សាបន្លែ ផ្លែឈើ សាច់ ឬអាហារដទៃទៀតនៅក្នុងទូរទឹកកក សម្រាប់ប្រើប្រាស់រយ:ពេលយូរ។ តែទោះជាយ៉ាងណា ការសិក្សាថ្មីមួយដែលបាន ចេញផ្សាយនៅក្នុងទស្សនាវដ្តី Food Protection បង្ហាញថា ការរក្សាស៊ុត ក្នុងទូរទឹកកកត្រូវមាន សីតុណ្ហភាពទាបបំផុត ដើម្បីការពារកុំឲ្យបាត់បង់អាហារូបត្ថម្ភ។
សារធាតុរ៉ែចាំបាច់ និងអង់ស៊ីម ដែលមាននៅក្នុងស៊ុត អាចត្រូវបាត់បង់ នៅពេលដែលអ្នករក្សាវាក្នុងទូរទឹកកក ដោយប្រើសីតុណ្ហភាពត្រជាក់ខ្លាំងពេក។ លើសពីនេះ ការស្រាវជ្រាវបានបង្ហាញថា ស៊ុត ដែលផ្ទុកនៅក្នុងទូរទឹកកក មានហានិភ័យខ្ពស់នៃការឆ្លងមេរោគ salmonella។
salmonella គឺជាមេរោគដែលអាច បណ្តោលឲ្យមានការឆ្លងជំងឺក្រពះ ពោះវៀន និងជំងឺគ្រុនពោះវៀន។ ដូច្នេះ អ្នកគួរតែរក្សាទុកស៊ុតនៅខាងក្រៅវិញ ហើយប្រើប្រាស់ស៊ុតថ្មីៗទើបប្រសើរ ៕
