ប៊ឺរ គឺជាផ្លែឈើធម្មជាតិមួយប្រភេទ ដែលគេនិយមប្រើសម្រាប់ កែច្នៃធ្វើជាអាហារផ្សេងៗ ជាពិសេសទឹកក្រឡុក ព្រោះវាមានរសជាតិឆ្ងាញ់។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា ការទទួលទានផ្លែប៊ឺរ ជាប្រចាំផ្តល់អត្ថប្រយោជន៍អស្ចារ្យ យ៉ាងណាចំពោះសុខភាព? ប្រសិនបើបានដឹងពី អត្ថប្រយោជន៍របស់វាហើយ អ្នកច្បាស់ជាចង់ទទួលទានរាល់ថ្ងៃ។
១.ផ្ទុកសារធាតុប៉ូតាស្យូមច្រើនជាងចេក
ប៉ូតាស្យូម មានតួនាទីថែរក្សាកោសិកា សរសៃប្រសាទ និងប្រព័ន្ធសរសៃឈាមបេះដូង ឲ្យមានសុខភាពល្អ។ ប៊ឺរប្រហែលជា ១០០ក្រាម មានផ្ទុកប៉ូតាស្យូម ១៤ភាគរយ ដែលរាងកាយត្រូវការជាប្រចាំ បើធៀបទៅនឹងចេក មានត្រឹមតែ ១០ភាគរយប៉ុណ្ណោះ។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ប៉ូតាស្យូម មានប្រសិទ្ធភាព កាត់បន្ថយសម្ពាធឈាម។
២.សម្បូរខ្លាញ់មានសុខភាពល្អ
ប្រហែលជា ៧៧ភាគរយនៃកាឡូរីក្នុងផ្លែប៊ឺរ មានប្រភពពីខ្លាញ់ ប៉ុន្តែខ្លាញ់នៅក្នុងផ្លែប៊ឺរនេះ មានសមត្ថភាពអាចជួយ កាត់បន្ថយបញ្ហារលាកសន្លាក់ ឬសាច់ដុំ យ៉ាងមានប្រសិទ្ធភាព។
៣.មានផ្ទុកជាតិសរសៃខ្ពស់
ជាតិសរសៃ នៅក្នុងផ្លែប៊ឺរ មានសមត្ថភាពអាចជួយរំលាយអាហារ ជួយកាត់បន្ថយកូលេស្តេរ៉ុល ក្នុងសរសៃឈាម និងកាត់បន្ថយភាពធាត់។
ផ្លែប៊ឺរ ទម្ងន់ ១០០ក្រាម មានជាតិសរសៃប្រហែលជា ៧ក្រាម ហើយជាតិសរសៃដែល រាងកាយត្រូវការប្រចាំថ្ងៃប្រហែលជា ២៧ភាគរយក្នុងមួយថ្ងៃ។
៤.កាត់បន្ថយកូលេស្តេរ៉ុល និងអាស៊ីតគ្លីសេរីត
ដោយផ្អែកទៅលើការ សិក្សាជាច្រើនបានបង្ហាញថា ការទទួលទានផ្លែប៊ឺរទៀងទាត់ អាចកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ឲ្យថយចុះ ២២ភាគរយ អាស៊ីតគ្លីសេរីត ២០ភាគរយ និងបង្កើនកូលេស្តេរ៉ុលល្អ ១០ភាគរយ។
លើសពីនេះ ការទទួលទានផ្លែប៊ឺរ អាចកាត់បន្ថយហានិភ័យ នៃជំងឺមេតាប៉ូលិស និងនាំមកនូវអត្ថប្រយោជន៍ ជាច្រើនទៀតសម្រាប់សុខភាព៕