ស៊ុត ត្រូវបានគេចាត់ទុកជាអាហារ ពេលព្រឹកដ៏ពេញនិយមខ្លាំងបំផុត ពីសំណាក់មនុស្ស ស្ទើរតែគ្រប់ក្រុមគ្រួសារ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយងាយស្រួល ក្នុងការចម្អិនថែមទៀត។ ក្រៅពីមានរសជាតិឆ្ងាញ់ ស៊ុត មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលល្អបំផុតសម្រាប់សុខភាព ហេតុនេះទើបអ្នកជំនាញ បានផ្តល់អនុសាសន៍ឲ្យបន្ថែម ស៊ុតទៅក្នុងអាហារពេលព្រឹកជាប្រចាំ។
រក្សាថាមពលពេញមួយថ្ងៃ
នៅពេលអ្នកបរិភោគស៊ុត សម្រាប់អាហារពេលព្រឹក ជំនួសគ្រាប់ធម្មជាតិ ឬសាច់ផ្សេងៗ វាអាចជួយបំពេញថាមពលបានយូរ។ នេះហើយជាចំណុចល្អ ដែលធ្វើឲ្យអ្នកមិន ត្រូវការអាហារសម្រន់ ហើយធ្វើឲ្យអ្នកញ៉ាំតិច។
ជួយសម្រកទម្ងន់
ស៊ុត គឺជាអាហារពេលព្រឹក ដ៏សាមញ្ញបំផុតសម្រាប់អ្នក ប៉ុន្តែវាអាចជួយកាត់បន្ថយចំណង់អាហារ និងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ការសិក្សាមួយចំនួនបានបង្ហាញថា អ្នកដែលញ៉ាំស៊ុត នៅពេលព្រឹក អាចជួយសម្រកទម្ងន់បាន។
បង្កើនប្រព័ន្ធភាពស៊ាំ
ស៊ីលីញ៉ូម គឺជាសារធាតុចិញ្ចឹម ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ និងធ្វើឲ្យអ័រម៉ូនទីរ៉ូអ៊ីត ដំណើរការធម្មតា។ ស៊ុតមានផ្ទុកសារធាតុស៊ីលីញ៉ូម ច្រើន ហើយប្រសិនបើអ្នកបរិភោគស៊ុតមួយ ឬពីរគ្រាប់ ជាអាហារពេលព្រឹក អាចជួយឲ្យការពាររាងកាយឲ្យរួចផុតពីជំងឺឆ្លង និងបង្កើនប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ។
ការពារខួរក្បាល
ស៊ុត មានផ្ទុកសារធាតុ ខូលីន (choline) ដែលជាសារធាតុចិញ្ចឹមចាំបាច់ សម្រាប់អភិវឌ្ឍខួរក្បាល ដ៏ល្អបំផុត។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា កង្វះសារធាតុខូលីន អាចបណ្តោលឲ្យមានបញ្ហាសរសៃប្រសាទ ប៉ះពាល់ការចង់ចាំ និងបកើតជំងឺវង្វេង។ ដូច្នេះ ការទទួលទានស៊ុត ទៀងទាត់អាចជួយការពារ ខួរក្បាលឲ្យមានសុខភាពល្អ។
កាត់បន្ថយកូលេស្តេរ៉ុលអាក្រក់
ស៊ុតមួយគ្រាប់មានផ្ទុក កូលេស្តេរ៉ុលល្អរហូតដល់ទៅ ២០០មីលីក្រាម ដែលជាជំនួយចាំបាច់បំផុត សម្រាប់រាងកាយ។ កូលេស្តេរ៉ុល នៅក្នុងស៊ុត ត្រូវបានគេរកឃើញថា អាចកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ ក្នុងរាងកាយមនុស្សបាន។ ការញ៉ាំស៊ុត នៅពេលព្រឹក គឺជាជម្រើសដ៏ល្អបំផុតក្នុងការ កម្ចាត់កូលេស្តេរ៉ុលសម្រាប់ថ្ងៃថ្មី។
ជួយឲ្យភ្នែកភ្លឺច្បាស់
ស៊ុត មានផ្ទុកអុកស៊ីដង់ ពីរប្រភេទ គឺ leutin និង zeaxanthin ដែលអាចជួយការពារភ្នែកពីការខូចខាត ដោយសារតែកាមរស្មី UV។ សារធាតុប្រឆាំងអុកស៊ីតកម្ម គឺល្អសម្រាប់ ប្រស្រីភ្នែក ហើយអាចកាត់បន្ថយ ហានិភ័យនៃជំងឺភ្នែកឡើងបាយ ដោយសារតែភាពចាស់។
ជួយឲ្យឆ្អឹង និងធ្មេញរឹងមាំ
ស៊ុត គឺជាប្រភពប្រូតេអ៊ីនធម្មជាតិ ដូចជា វីតាមីន D ដែលល្អសម្រាប់សុខភាពធ្មេញ និងឆ្អឹង។ វីតាមីន D អាចរំញោចដល់ការ ស្រូបយកជាតិកាល់ស្យូម ដែលចាំបាច់ចំពោះការរំលាយអាហារ និងជួយឲ្យបេះដូងមានសុខភាពល្អ។
បង្ការជំងឺមហារីក
សារធាតុ ខូលីន នៅក្នុងស៊ុត អាចជួយគាំទ្រដល់មុខងារនៃថ្លើម កាត់បន្ថយហានិភ័យនៃ ជំងឺមហារីកសុដន់ចំពោះស្ត្រី។ គួរឲ្យកត់សម្គាល់ផងដែរថា ខូលីន មានតែនៅក្នុងស៊ុតលឿងប៉ុណ្ណោះ ដូច្នេះ អ្នកគួរតែញ៉ាំស៊ុតលឿងឲ្យបានច្រើន។
ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ ហើយមិនប៉ះពាល់ដល់សុខភាព អ្នកគួរតែទទួលទានស៊ុតស្ងោរឆ្អិនល្អ ប្រសើរជាងស៊ុតចៀន ឬស៊ុតនៅជ័រព្នៅ៕