បើយោងតាមអ្នកជំនាញ ផ្នែកឱសថនៅប៉ែកបូព៌ា បានចាត់ទុកពងទាកូន ជាឱសថសដ៏មានប្រសិទ្ធ ក្នុងការថែរក្សាឈាម ផ្តល់អាហារបំប៉ន ជួយឲ្យរាងកាយមាន ការលូតលាស់បានល្អ និងបង្កើនសមត្ថភាពផ្លូវភេទ។
ទោះជាយ៉ាងណា ការទទួលទានពងទាកូន ច្រើនហួសប្រាណ និងមិនត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ព្រោះនៅក្នុងពងមួយគ្រាប់ មានផ្ទុកថាមពល ១៨២កាឡូរី ប្រូតេអ៊ីន ១៣,៦ក្រាម ខ្លាញ់លីពីត ៨២មីលីក្រាម ផូស្វ័រ ២១២ក្រាម និងកូលេស្តេរ៉ុល ៦០០មីលីក្រាម។ លើសពីនេះទៅទៀត វាមានផ្ទុកសារធាតុបេតាការ៉ូទីន វីតាមីន A, B, C និងជាតិដែក…។
ហេតុនេះការទទួលទានពងទាកូន ច្រើនពេក អាចបង្កើនកូលេស្តេរ៉ុលអាក្រក់ក្នុងឈាម ដែលបណ្តោលឲ្យអ្នកកើត ជំងឺសរសៃឈាមបេះដូង សម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម បង្កើនប្រូតេអ៊ីនលើសកម្រិតក្នុងរាងកាយ មិនល្អសម្រាប់អ្នកមានជំងឺសន្លាក់។
ម្យ៉ាងវិញទៀត ការទទួលទានជាមួយនឹងជីពងទាកូន ច្រើនពេកអាចនាំឲ្យកម្តៅ ក្នុងរាងកាយកើនឡើង នឹងកាត់បន្ថយសមត្ថភាពផ្លូវភេទរបស់បុរស។
ជាពិសេស អ្នកជំនាញបានផ្តល់អនុវសាសន៍ថា អ្នកមិនគួរទទួលទាននៅពេលល្ងាចឡើយ ព្រោះវាពិបាកក្នុងការរំលាយ ដោយសារតែកម្រិតប្រូតេអ៊ីនច្រើនពេក និងកូលេស្តេរ៉ុលខ្ពស់។ ប្រសិនបើអ្នកទទួលទានច្រើន អាចប្រឈមនឹងបញ្ហាមិនស្រួលក្នុងខ្លួន ហើមពោះ អន្តរាយដល់ប្រព័ន្ធរំលាយអាហារ។ ដូច្នេះ ពេលវេលាដ៏ល្អបំផុតក្នុងការ ទទួលទានពងទាកូន គឺពេលព្រឹក ប៉ុន្តែកុំញ៉ាំច្រើន ហើយញឹកញាប់ពេក។
ចំពោះក្មេងក្រោមអាយុ ៥ឆ្នាំ ពុំគួរទទួលទានពងទាកូនច្រើនពេកទេ ព្រោះវាអាចធ្វើឲ្យប្រព័ន្ធរំលាយ អាហារពួកគេលូតលាស់មិនល្អ កើតជំងឺរលាកពោះវៀន និងក្រពះ មានគ្រោះថ្នាក់ខ្លាំងដល់ សុខភាពផ្សេងទៀត។ ក្មេងអាយុ ៥ឆ្នាំឡើង គួរតែទទួលទានម្តងមួយចំហៀងបានហើយ ហើយមួយសប្តាហ៍ត្រឹមតែ ១ទៅ២ដងប៉ុណ្ណោះ។ ការទទួលទានញឹកញាប់ពេក អាចធ្វើឲ្យវីតាមីន A កើនឡើងហួសកម្រិត មានបញ្ហាស្បែក ប៉ះពាល់ដល់ការបង្កើតឆ្អឹង ធ្វើឲ្យកុមារក្រិន។
លើសពីនេះទៅទៀត មនុស្សធាត់ មនុស្សចាស់ មនុស្សមានជំងឺសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ជំងឺខាន់ស្លាក់ និងជំងឺសរសៃឈាមបេះដូង ក៏គួរតែកំណត់ការទទួលទាន អាហារនេះផងដែរ។ មានតែមនុស្សពេញវ័យដែល មានសុខភាពល្អប៉ុណ្ណោះ ដែលអាចទទួលទានពងទារកូន ម្តងពីរគ្រាប់រាល់សប្ដាហ៍៕