បង់ដាសេរីបេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រ៊ុយណេបានចុះបញ្ជីករណីថ្មី នៃកូវីដ-១៩ចំនួន៣.៧២នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យចំនួនសរុបកើនឡើង ដល់៤៨.០៥៥នាក់ ។
ជាមួយនឹងការឆ្លងថ្មី ប្រ៊ុយណេដែលមានប្រជាជន ចំនួន៤២០.០០០ នាក់ បានឃើញករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃលើសពី ៣.០០០នាក់ គួរឲ្យកត់សម្គាល់ សម្រាប់រយៈពេល៣ថ្ងៃជាប់គ្នា ចាប់តាំងពីថ្ងៃអង្គារ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីដែលបានកត់ត្រាថ្មី គឺជាការឆ្លងក្នុងស្រុកទាំងអស់ ។
ក្រសួងបានឲ្យដឹងនៅមុននេះថា ប្រទេសអាស៊ីអាគ្នេយ៍ កំពុងឆ្លងកាត់រលកទី៣នៃជំងឺកូវីដ-១៩ ជាមួយនឹងវីរុសបំប្លែងខ្លួនថ្មី Omicron ជំនួសឲ្យវីរុស Delta ដែលបំប្លែងខ្លួនលេចធ្លោ នាពេលបច្ចុប្បន្ននេះ ។
គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ចំនួន៥២,៩ភាគរយ នៃចំនួនប្រជាជនប្រ៊ុយណេ បានទទួលវ៉ាក់សាំងកូវីដ-១៩ចំនួន៣ដង ខណៈដែលជាង៩៤ភាគរយ នៃចំនួនប្រជាជនប្រ៊ុយណេ បានទទួល១ដូស និង២ដូសដូចគ្នា។
គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ ដែលប្រើនៅប្រទេសប្រ៊ុយណេ គឺមកពី Pfizer, BioNTech, Moderna, AstraZeneca និង Sinopharm របស់ប្រទេសចិន ។
បច្ចុប្បន្ននេះ ករណីសកម្មចំនួន២៤.៣៤៩នាក់ កំពុងត្រូវបានព្យាបាល និងតាមដាននៅក្នុងប្រទេសប្រ៊ុយណេ ដែលរហូតមកដល់ពេលនេះ បានរាយការណ៍ថា មានអ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩ចំនួន២៣.៥៩៣នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា