ដើម្បីជួយឲ្យថ្លើមមានសុខភាពល្អ ក្រៅពីជៀសវាងគ្រឿងស្រវឹង និងធ្វើហាត់ប្រាណជារៀងរាល់ថ្ងៃ អ្នកគួរតែទម្លាប់ទទួលទានអាហារ ដែលមានសុខភាពផងដែរ។ តើអាហារអ្វីខ្លះទៅ អាចជួយឲ្យថ្លើមមានសុខភាពល្អ? មានអាហារ ៣ប្រភេទអាចជួយរក្សាថ្លើម ឲ្យមានសុខភាពល្អ ប្រសិនបើអ្នកទទួលទានជាប្រចាំ។
១.តែបៃតង តែបៃតងមិនត្រឹមតែ មានអត្ថប្រយោជន៍សម្រាប់ សុខភាពទូទៅប៉ុណ្ណោះទេ សូម្បីតែសរីរាង្គថ្លើមក៏ដូចគ្នាដែរ។ នេះដោយសារតែបៃតង មានផ្ទុកសារធាតុ polyphenols ដែលអាចជួយកាត់បន្ថយ ជាតិពុលចេញពីថ្លើម និងជួយឲ្យមុខងារថ្លើម មានភាពប្រសើរឡើងវិញ។ ការទទួលទានតែបៃតង ក្តៅឧណ្ឌៗ ២ទៅ ៣ពែងក្នុងមួយថ្ងៃ អាចធ្វើឲ្យថ្លើមមានសុខភាពល្អ។
២.ទឹកក្រូចថ្លុង ដោយសារតែ សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ធ្វើឲ្យក្រូចថ្លុង ក្លាយទៅជាអ្នកការពារដ៏ល្អសម្រាប់ថ្លើម។ សារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗពីរ ដែលត្រូវបានគេរកឃើញនៅក្នុងក្រូចថ្លុង គឺ naringenin និង naringin ។ ដូច្នេះការទទួលទានទឹកក្រូចថ្លុង មួយកែវក្នុងមួយថ្ងៃ អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ និងបង្ការការឆ្លងមេរោគ។ ជាពិសេសក្រូចថ្លុង អាចជួយព្យាបាលថ្លើម និងរក្សាថ្លើមឲ្យមានសុខភាពល្អ។
៣.ខ្លាញ់ត្រីមានផ្ទុកអាស៊ីតអូមេហ្គា-៣ ខ្លាញ់ត្រីដែលមានផ្ទុកអាស៊ីតអូមេហ្គា-៣ គឺជាខ្លាញ់ដែលមានសុខភាពល្អ អាចជួយកាត់បន្ថយការរលាក និងជំងឺបេះដូង។ មិនតែប៉ុណ្ណោះ អាស៊ីតខ្លាញ់អូមេហ្គា-៣ នៅក្នុងត្រីសាម៉ុន អាចជួយកាត់បន្ថយការប្រមូលផ្តុំខ្លាញ់ក្នុងថ្លើម រក្សាកម្រិតអង់ហ្ស៊ីមនៅ ក្នុងថ្លើមឲ្យមានកម្រិតធម្មតា និងបង្កើនភាពធន់ទ្រាំនៃអាំងស៊ុយលីន៕