អ្នកប្រើប្រាស់ស្មាតហ្វូនមួយភាគធំ មុនពេលដែលពួកគេចូលគេង គឺតែងមានទម្លាប់ទាញយកទូរសព្ទមកចុចលេង ដូចជាលេង Facebook លេងឆាត មើលវីដេអូ YouTube ឬលេងហ្គេមជាដើម។ ប៉ុន្តែពួកគេមិនបានចាប់អារម្មណ៍ទេថា ទង្វើនេះធ្វើឲ្យប៉ះពាល់ ដល់សុខភាពរបស់ពួកគេបែបណាខ្លះនោះ។
លោកសាស្ត្រាចារ្យ Daniel Siegel នាយកនៃវិទ្យាស្ថាន Mindsight បានលើកឡើងពីផលប៉ះពាល់ខ្លះៗ ចំពោះអ្នកដែលតែងតែ លេងស្មាតហ្វូនមុនចូលគេង។ លោកបានមានប្រសាសន៍ថា នៅពេលដែលអ្នកលេងទូរសព្ទ នាពេលយប់ វានឹងធ្វើការបញ្ជូនជាតិវិទ្យុសកម្មតាមរយៈភ្នែកប្រាប់ទៅដល់ខួរក្បាល កុំឲ្យបង្កើតសារធាតុមេឡាតូនីន (មេឡាតូនីនគឺជាសារធាតុដែលធ្វើឲ្យអ្នក មានអារម្មណ៍ហត់ត្រូវការការសម្រាក) ធ្វើឲ្យអ្នកគេងមិនលក់។
បើស្ដាប់ទៅវាដូចជា មិនមានការប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែតាមរយៈការសិក្សាខាងលើក្រុមហ៊ុនស្រាវជ្រាវចាប់ផ្ដើមយល់ ពីសារៈសំខាន់នៃការគេង។ ការគេងបានគ្រប់គ្រាន់មិនត្រឹមតែជួយកោសិកា ប្រសាទសកម្មរបស់យើង សម្រាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបំប៉នកោសិកា Glial ដែលជាអ្នកលាងសម្អាតជាតិពុល ដែលកកើតឡើងក្នុងខួរក្បាលរបស់យើងបានទៀតផង។ ដូចនេះបើយើងសម្រាកមិនបានគ្រប់គ្រាន់ទេ នោះកោសិកា Glial នឹងមិនអាចបំពេញកិច្ចការរបស់វាបានទេ ហើយវានឹងបណ្ដាលឲ្យការចងចាំចុះខ្សោយនិងបាត់បង់ការប្រុងប្រយ័ត្ន។ ហើយការគេងមិនបានគ្រប់គ្រាន់នេះក៏បណ្ដាលឲ្យអ្នកឡើងទម្ងន់បានផងដែរ។
ជាចុងក្រោយលោកសាស្ត្រាចារ្យ Daniel ក៏បានណែនាំផងដែរថា អ្នកគួរតែចេះកំណត់ពេលវេលាឲ្យបានល្អ ក្នុងការលេងទូរសព្ទ គួរណាលេងត្រឹមតែមួយម៉ោងបានហើយមុនចូលគេង៕ Source: Sabay