បរទេស៖ លោក Bastian Schwark ប្រធានផ្នែកថាមពលនៅការិយាល័យសហព័ន្ធ សម្រាប់ការផ្គត់ផ្គង់សេដ្ឋកិច្ចជាតិរបស់ប្រទេសស្វីស បាននិយាយថា ស្ថាប័នវេជ្ជសាស្រ្តរបស់ប្រទេសស្វីសអាចពិចារណា ឱ្យកាត់បន្ថយការប្រើប្រាស់អគ្គិសនី ចំពេលមានវិបត្តិថាមពលកាន់តែអាក្រក់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Schwark បានប្រាប់កាសែតស្វីស Neue Zürcher Zeitung កាលពីថ្ងៃពុធថា “មន្ទីរពេទ្យត្រូវបានលើកលែង ពីការកំណត់នៃការប្រើប្រើអគ្គិសនី និងឧស្ម័ន ប៉ុន្តែពួកគេក៏អាចពិចារណា ពីរបៀបដែលពួកគេអាចកាត់បន្ថយ ការប្រើប្រាស់អគ្គិសនីផងដែរ” ។
លោកបានបន្ថែមថា សូម្បីតែនៅក្នុងឧស្សាហកម្មដ៏សំខាន់ដូចជាឱសថ វិធានការសន្សំសំចៃ អាចត្រូវបានអនុវត្តដោយគ្មានការកាត់បន្ថយផលិតកម្មដ៏សំខាន់។
សូមជម្រាបថា កាលពីខែមុនក្រុមប្រឹក្សាសហព័ន្ធ របស់ប្រទេសស្វីសបានប្រកាសថា ខ្លួនព្យាយាមកាត់បន្ថយការប្រើប្រាស់ឧស្ម័នធម្មជាតិនៅក្នុងប្រទេសចំនួន ១៥% ចាប់ពីខែតុលា ឆ្នាំ ២០២២ ដល់ចុងខែមីនា ឆ្នាំ ២០២៣ បើប្រៀបធៀបទៅនឹង ការប្រើប្រាស់ជាមធ្យម ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ ការសម្រេចចិត្តនេះ ត្រូវបានពន្យល់ថា ជាការប៉ុនប៉ងដើម្បីរៀបចំ សម្រាប់ការរំខានដែលអាចកើតមានចំពោះការផ្គត់ផ្គង់ឧស្ម័នពីប្រទេសរុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា