ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ថា ទីក្រុងញ៉ូដេលីនៃប្រទេសឥណ្ឌា បានកត់ត្រាករណីជំងឺគ្រុនឈាមចំនួន៤.៤៦៩ករណី និងការស្លាប់ពាក់ព័ន្ធចំនួន៩នាក់ ក្នុងឆ្នាំ២០២២ ។ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយសាជីវកម្មក្រុងដេលី (MCD) នៅថ្ងៃព្រហស្បតិ៍នេះ ។
យោងតាមទិន្នន័យ ចំនួនករណីគ្រុនឈាមខ្ពស់បំផុត នៅទីក្រុងដេលី ត្រូវបានកត់ត្រាក្នុងខែតុលា ដោយមានចំនួន១.២៣៨ ករណី និងខែវិច្ឆិកា មាន១.៤២០ករណី។ ទិន្នន័យបានបង្ហាញថា នៅក្នុងខែធ្នូ មាន៨៧ករណី ត្រូវបានរាយការណ៍ឲ្យដឹង ។
ជំងឺគ្រុនឈាម គឺជាជំងឺឆ្លងដោយសារសត្វមូសខ្លា ដែលបានរាលដាលយ៉ាងឆាប់រហ័ស នៅគ្រប់តំបន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ មេរោគនេះឆ្លងដោយមូសញី ។
អ្នកជំនាញផ្នែកសុខភាពលើកឡើងថា អ្នកដែលឆ្លងមេរោគជាលើកទី២ គឺមានហានិភ័យខ្ពស់ ក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ។
ជំងឺនេះបណ្តាលឱ្យក្តៅខ្លួន ឈឺរាងកាយ ចង្អោរ ក្អួត ហូរឈាមចេញខាងក្នុងខ្លួន ឬការធ្លាក់ចុះនៃសម្ពាធឈាមធ្ងន់ធ្ងរ ក្នុងករណីធ្ងន់ធ្ងរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា