ក្នុងខែនេះ កាលពី ៥៧ឆ្នាំមុន ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលការវះកាត់ដូរបេះដូងមនុស្សត្រូវបានធ្វើឡើងដោយជោគជ័យ។
លោកវេជ្ជបណ្ឌិតជនជាតិអាហ្វ្រិកខាងត្បូង Christiaan Barnardនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ១៩៦៧ លោកវេជ្ជបណ្ឌិតជនជាតិអាហ្វ្រិកខាងត្បូង Christiaan Barnard បានសម្រេចដោយជោគជ័យជាលើកដំបូងបំផុតនៃប្រវត្តិសាស្ត្រ ក្នុងការវះកាត់ដូរបេះដូងមនុស្ស។
លោកបានធ្វើការវះកាត់ប្រភេទនេះឲ្យអ្នកជំងឺបេះដូងម្នាក់ឈ្មោះ Lewis Washkansky នៅមន្ទីរពេទ្យ Groote Schuur ក្នុងរដ្ឋធានី Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។ បេះដូងដែលលោកគ្រូពេទ្យ Barnard យកមកធ្វើការវះកាត់ប្ដូរឲ្យ Washkanskyនោះ បានមកពីស្ត្រីវ័យ ២៥ឆ្នាំម្នាក់ឈ្មោះ Denise Darvall ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមិនអាចសង្គ្រោះបាន។ ពេលដែលដឹងថា Darvall មិនអាចសង្គ្រោះបាន ដោយស្ថានភាពរបួសខួរក្បាលធ្ងន់ធ្ងរពេក ឪពុកស្ត្រីរូបនេះ បានយល់ព្រមតាមសំណើរបស់ក្រុមគ្រូពេទ្យ ក្នុងការបរិច្ចាគបេះដូងរបស់នាង ទៅឲ្យ Washkansky ដែលកំពុងស្ថិតក្នុងអាការៈធ្ងន់ធ្ងរនៃជំងឺបេះដូងរបស់ខ្លួន។
ក្រោយទទួលការយល់ព្រមបែបនេះ ក្រុមគ្រូពេទ្យវះកាត់ដឹកនាំដោយវេជ្ជបណ្ឌិត Barnard បានធ្វើការវះកាត់ រួចក៏បានធ្វើការផ្លាស់ប្ដូរបេះដូងបានយ៉ាងជោគជ័យដល់អ្នកជំងឺ Washkansky ដែលធ្វើឲ្យបុរសរូបនេះរស់តទៅទៀត។ តែគួរឲ្យស្ដាយ រស់បានត្រឹម ១៨ថ្ងៃ Washkansky ក៏បានបាត់បង់ជីវិតទៅ ដោយសារជំងឺរលាកសួត ដែលកើតឡើងដោយប្រតិកម្មទៅនឹងការទទួលទាន និងចាក់ថ្នាំបំបាត់ការឈឺចាប់ ដោយនៅពេលនោះ មិនទាន់មានថ្នាំណាមួយ មានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងស្ថានភាពក្រោយពេលវះកាត់បេះដូងនៅឡើយទេ។ ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ការស្លាប់នេះមិនពាក់ព័ន្ធទៅនឹងបេះដូងថ្មីរបស់ Washkansky ដែលទើបនឹងវះកាត់ប្ដូរកាលពីថ្ងៃទី ៣ ធ្នូ នោះទេ។
ចាប់ពីពេលនោះមក ការវះកាត់ប្ដូរបេះដូងត្រូវបានធ្វើជាបន្តបន្ទាប់។ ក្នុងឆ្នាំ ១៩៦៨ ពោលគឺមួយឆ្នាំក្រោយព្រឹត្តិការណ៍បដិវត្តន៍នៃវិស័យវេជ្ជសាស្ត្រនេះបានកើតឡើង មានការវះកាត់បេះដូងរហូតដល់ទៅ ១០០ករណី។ បច្ចុប្បន្ន មានការវះកាត់ប្ដូរបេះដូងប្រមាណជាង ៣៨០០ ករណីជារៀងរាល់ឆ្នាំ ធ្វើឡើងនៅទូទាំងពិភពលោក ក្នុងនោះភាគច្រើនធ្វើនៅសហរដ្ឋអាមេរិក៕
ប្រភព៖sabay