១.អាហារដែលធ្វើពីម្សៅ និងស្ករៈ អ្នកជម្ងឺទឹកនោមផ្អែមមិនចាំបាច់តមអាហារទាំងពីរមុខនេះទេ ប៉ុន្តែត្រូវទទួលទានក្នុងបរិមាណសមរម្យ ព្រោះថាអាហារដែលធ្វើពីម្សៅ និងស្ករ គឺជាប្រភពថាមពលយ៉ាងសំខាន់។
ប៉ុន្តែចំណុចដែលគួរឲ្យយកចិត្តទុកដាក់នោះគឺអ្នកគួរទទួលទានអាហាធ្វើពីម្សៅដែលមានកាកសរសៃអាហារ ដូចជាអង្ករសំរូប ឬនំបុ័ងហូលវីតជាដើម ព្រោះថាជាតិកាកសរសៃអាហារអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន។ ដូច្នេះអ្នកគួរទទួលទានបាយ ប្រមាណ ២ ទៅ ៣វែកក្នុងមួយថ្ងៃ។
2.បន្លែៈ មានបន្លែមួយចំនួនដែលអ្នកពុំអាចទទួលទានច្រើនពេកនោះទេដូចជា ល្ពៅ ដំឡូងបារាំង ដំឡូងជ្វា ត្រាវ និងពោតជាដើម ព្រោះបន្លែទាំងនេះមានជាតិម្សៅច្រើន ហើយវានឹងបំប្លែងទៅជាជាតិស្ករនៅក្នុងឈាម។
ដូច្នេះប្រសិនបើចង់ទទួលទានបន្លែទាំងនេះ អ្នកត្រូវកាត់បន្ថយការទទួលទានបាយដើម្បីឲ្យរាងកាយទទួលបាននូវជាតិម្សៅក្នុងបរិមាណសមស្របនិងតុល្យភាព។
៣.សណ្តែកៈ សណ្តែកប្រភេទខ្លះ ដូចជាសណ្តែកសៀង សណ្តែកខៀវ និងសណ្តែកក្រហមជាដើម ដែលមានជាតិម្សៅច្រើន។ ដូច្នេះអ្នកមិនត្រូវទទួលទានច្រើនពេកទេ ហើយបើអ្នកចង់ទទួលទានសណ្តែកខៀវស្ងោរដោយមិនបាច់ដាក់ស្ករនោះ អ្នកត្រូវបន្ថយការទទួលទានបាយឲ្យបានត្រឹម២វែកបានហើយ។ចំណែកសណ្តែកដីអាចទទួលទានបានក្នុងបរិមាណប្រហែល ១២គ្រាប់ ឬ គ្រាប់ស្វាយចន្ទីប្រហែល៦គ្រាប់ ហើយអាចទទួលទានបាន៣ ទៅ ៤ដងក្នុង ១សបា្តហ៍។
៤.ប្រូតេអ៊ីនៈ អ្នកជម្ងឺទឹកនោមផ្អែមអាចទទួលទានអាហារដែលមានជាតិប្រតេអ៊ីនបានតាមធម្មតា ព្រោះវាមិនមានផលប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាមនោះទេ លើកលែងតែអ្នកជម្ងឺទឹកនោមផ្អែមដែលមានបញ្ហាថ្លើម។ប៉ុន្តែគួរជ្រើសរើសទទួលទានសាច់សត្វដែលមិនជាប់ខ្លាញ់ ឬ តៅហ៊ូ ព្រោះថា អ្នកជម្ងឺទឹកនោមផ្អែមត្រូវប្រឈមនឹងជម្ងឺបេះដូងខ្ពស់ដែលចាំបាច់រក្សាទំងន់ឲ្យមានតុល្យភាព។
៥.អាហារដែលគួរតមៈ អ្នកជម្ងឺទឹកនោមផ្អែម គួរជៀសវាងអាហារដែលមានជាតិស្ករដូចជា ទឹកស៊ីរ៉ូ ទឹកក្រូចកំប៉ុង និងនំផ្អែមផ្សេងៗជាដើម ព្រោះវាធ្វើឲ្យកំរិតជាតិស្ករនៅក្នុងឈាមកើនឡើង។ ម៉្យាងទៀតមិនគួរទទួលទានផ្លែឈើត្រាំ និងដំណាប់ផ្លែឈើទេ ហើយបើសិនចង់ទទួលទានទឹកផ្លែឈើ អាចទទួលទានទឹកផ្លែឈើស្រស់១០០% បានកន្លះកែវ ព្រោះទឹកផ្លែឈើស្រស់ ពុំសូវមានជាតិស្ករច្រើនពេកទេ។