អង់គ្លេស ៖ យោងតាមគេហទំព័រ ព័ត៌មានសុខភាព Medicine News Today បានឲ្យដឹងថា សុខភាពគឺជាកត្តា សំខាន់ចំបង ព្រោះថា បើយើងមានសុខភាពល្អ ប្រៀបដូចមានអ្វីៗទាំងអស់ផងដែរ ។ ការថែទាំសុខភាព ជារឿងមួយសំខាន់ ដែលមិនអាចមើលរំលងបាន ហេតុនេះស្រ្តីគ្រប់រូប គប្បីថែរក្សាសុខភាព និងថែរក្សាសម្ផស្ស បានស្អាតយូរអង្វែង ថែមទៀត ។
ខាងក្រោមនេះ ជាវិធីសាស្រ្ត ដែលអ្នកគប្បីថែរក្សា សុខភាពឲ្យបានល្អ ។
១-ទទួលទានទឹកតែជាមួយនឹងក្រូចឆ្មាៈ ជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកបានទទួលទានតែក្តៅឧណ្ឌៗជាមួយក្រូចឆ្មា អាចជួយកាត់បន្ថយអាការ តាមតឹងអារម្មណ៍បានដល់ទៅ ១៥ ភាគរយ ព្រោះវីតាមីន C អាចជួយបង្កើនភាព ស្រស់ស្រាយឲ្យខួរក្បាល ។ ចំណែកទឹកតែ មានសារជាតិប្រឆាំងរ៉ាឌីកាល់សេរី ជួយកាត់បន្ថយកាកសំណល់ មិនល្អនៅក្នុងឈាម ។ ហេតុនេះអ្នកគប្បីទទួលទាន តែក្រូចឆ្មាឲ្យបាន ញឹកញាប់កាន់តែប្រសើរ។
២-ដេកត្រាំក្នុងអាងទឹកៈ យើងត្រូវដឹងថា ភាពតានតឹងអារម្មណ៍ តែងបង្កឲ្យសាច់ដុំ នៅតាមរាងកាយឡើងរឹង ហើយបើកាលណាសាច់ដុំកាន់តែឡើងរឹង ភាពតានតឹងអារម្មណ៍ ក៏កាន់តែកើនឡើងដែរ។ ប្រសិនបើចង់បំបាត់ អាការតានតឹង អារម្មណ៍ដ៏ខ្លាំងក្លានោះ អ្នកគប្បីត្រាំខ្លួននៅក្នុងទឹកក្តៅឧណ្ហៗ ព្រោះវាអាចធ្វើឲ្យសាច់ដុំរលាវិញ ហើយនៅពេលមាន អារម្មណ៍តានតឹងក៏នឹង រលាយបាត់ដោយមិនដឹងខ្លួនផងដែរ។
៣-បរិភោគស៊ុតៈ ត្រូវរកស៊ុតមកបរិភោគខ្លះ ដែលនៅក្នុងនោះមានដូចជា ស៊ុតស្ងោរ ស៊ុតចៀន ឬស៊ុតអ្វីក៏បាន ព្រោះនៅក្នុងស៊ុត មានសារជាតិក្លរ៉ៃ ដែលអាចសម្របសម្រួលអ័រម៉ូន ក្នុងរាងកាយឲ្យមានតុល្យភាពល្អ ពិសេសវាជួយកាត់ បន្ថយសារជាតិគីមី ដែលជាប្រភពបង្កឲ្យ កើតមានអារម្មណ៍ខ្វល់ខ្វាយ។ ស៊ុតមិនត្រឹមតែជាអាហារសម្រាប់ចម្អែតក្រពះទេ ប៉ុន្តែវាបានផ្តល់ថាមពល និងជួយព្យាបាល រោគមួយចំនួនបានយ៉ាងមានប្រសឹទ្ធភាពទៀតផង ។
៤-ការដកដង្ហើមជួយដល់សុខភាពៈ តាមការស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យជំនាញបានណែនាំថា ការដកដង្ហើមវែងៗ អាចជួយដោះស្រាយបញ្ហាផ្លូវចិត្ត ឲ្យធូរស្បើយមួយកម្រិតថែមទៀត ។ វិធីនេះយើងអាចអនុវត្ត បានដំបូង គប្បីតម្រង់ខ្លួនឲ្យត្រង់ ហើយចាប់ផ្តើមដកដង្ហើមចេញចូលវែងៗឲ្យបានច្រើនដង។ ក្នុងអំឡុងពេលនេះ ត្រូវមានអារម្មន៍ស្ងប់ និងជឿជាក់ពេលនោះ វានិងជួយសម្រួលឲ្យមានអារម្មណ៍ ធូរស្បើយឡើងវិញជាក់ជាពុំខាន ។
៥-តែបៃតងៈ តាមការស្រាវជ្រាវបានបង្ហាញថា តែបៃតងអាចជួយកាត់បន្ថយកាឡូរីដល់ទៅ ៧០ កាឡូរីក្នុងមួយថ្ងៃ។ ក្រៅពីនេះ តែបៃតងមានសារជាតិជួយប្រឆាំង រ៉ាឌីកាល់សេរីទៀតផង ។ គ្រាន់តែទទួលទានតែបៃតងមិនដាក់ស្ករ ឬ លាយជាមួយទឹកដោះគោ ដោយផឹកក្នុងសីតុណ្ហភាពប្រមាណ ៨៥ អង្សាសេជារៀងរាល់ថ្ងៃនោះ វានឹងជួយដល់សុខភាព ពិសេសអាចទប់ស្កាត់មិនឲ្យឡើង ទំងន់យ៉ាងមានប្រសឹទ្ធភាពទៀតផង។
៦-ជជែកជាមួយមិត្តភក្តិៈ តាមការសិក្សាស្រាវ ជ្រាវបានបង្ហាញឲ្យឃើញថា ការដែលយើងកើតទុក កង្វល់ខ្លាំងក្លាមិន ត្រូវសម្ងំស្ងៀមឡើយ គប្បីរកពេលហាត់ប្រាណ ឬ ត្រូវរកមិត្តមកជជែកលេង ដើម្បីដោះស្រាយបញ្ហាព្រោះវាជារឿងសំខាន់ និងចាំបាចបំផុត ។ ហេតុនេះ នៅពេលកើតបញ្ហា អ្វីធ្ងន់ធ្ងរ ពេលខ្លះការបានជជែកជាមួយបណ្តាមិត្តភក្តិដឹងចិត្ត និងទុកចិត្តនោះដ៏អាចជួយដោះស្រាយបញ្ហាបានមួយចំណែកធំផងដែរ ។
៧-ផ្លែប៉ោមជាឪសថដ៏ល្អៈ ការទំពារអាហារស្រួយៗ នៅក្នុងមាត់ នឹងអាចជួយកាត់បន្ថយ អារម្មណ៍តានតឹង បានយ៉ាងប្រសើរ ។ គេបានឃើញថា ផ្លែប៉ោមជាអាហារល្អបំផុត ក្នុងការបរិភោគ ដើម្បីកាត់បន្ថយអារម្មន៍តានតឹង និងផ្តល់ប្រយោជន៍ ជាច្រើន ដល់សុខភាពរាងកាយ ។ ផ្លែប៉ោមមានសារជាតិច្រើន យ៉ាងសម្រាប់ជួយ ឲ្យរាងកាយស្រស់ស្រាយ និងបំបាត់អាការរោគមួយ ចំនួនក្នុងរាងកាយផងដែរ។