មូសជាសត្វល្អិតមួយប្រភេទ ដែលបង្កការរំខានដល់មនុស្ស ។ ការខាំរបស់សត្វប្រភេទនេះ មិនត្រឹមតែធ្វើឲ្យរមាស់ទេ ថែមទាំងអាចបង្កជាជំងឺគ្រុនឈាម ឬគ្រុនចាញ់ថែមទៀត ។ ជារឿយៗ ការប្រើប្រាស់សារធាតុគីមី ដូចជាធូបមូស និង ថ្នាំបាញ់មូស ជាដំណោះស្រាយពេញនិយម សម្រាប់ដោះស្រាយបញ្ហានេះ ប៉ុន្តែវាក៏បង្កដល់បញ្ហាដល់សុខភាពដែរ។
ដូច្នេះ សម្រាប់លោកអ្នក ដែលចង់ដោះស្រាយកង្វល់នេះ តាមបែបធម្មជាតិ អត្ថបទនឹងបង្ហាញជូនរុក្ខជាតិចំនួន ៥ ណែនាំដោយគេហទំព័រ Natural Living Ideas ដែលអាចមានសមត្ថភាពដេញមូស ៖
១.ស្លឹកគ្រៃ ៖ ក្លិនរបស់រុក្ខជាតិនេះ មានសមត្ថភាពដេញមូស ដូច្នេះការដាំគល់ស្លឹកគ្រៃ នៅទីលានណាមួយនៅផ្ទះ ជួយដេញមូសបានមួយភាគ ។ លោកអ្នក ក៏អាចយកគល់ស្លឹកគ្រៃមកបុកឲ្យម៉ត់ រួចយកមកត្រដុសលើស្បែក រួចលាងទឹកចេញ។ ធ្វើបែបនេះមិនត្រឹមតែ ធ្វើឲ្យមានក្លិនក្រអូបទេ ថែមទាំងអាចបង្ការមូស កុំឲ្យមកក្បែរលោកអ្នកទៀតផង។

២.ស្លឹកក្រូចឆ្មារ៖ មានសមត្ថភាពដេញមូស និងរបៀបយកទៅប្រើប្រាស់ ដូចជាស្លឹកគ្រៃអ៊ីចឹងដែរ។

៣.ផ្កាស្បៃលឿង៖ បើយោងតាមការសិក្សាមួយ បានបញ្ជាក់ឃើញថា សារធាតុប្រេងមាននៅក្នុងផ្កានេះ មានសមត្ថភាពដេញសត្វល្អិត។ លោកអ្នកអាចដាក់តាំងផ្កាប្រភេទនេះនៅជិតទ្វាចូល ឬបង្អួចនៃផ្ទះរបស់លោកអ្នក ដើម្បីដេញសត្វល្អិតដូចជាមូសជាដើម។

៤.ជីនាងវង៖ មិនត្រឹមតែជួយធ្វើឲ្យម្ហូបមានក្លិនឈ្ងុយនោះទេ ជីនាងវងថែមទាំងមានសារធាតុប្រេងម្យ៉ាងដែលមានសមត្ថភាពខ្លាំងក្លាក្នុងការដេញមូស ។ ដូច្នេះលោកអ្នក អាចបុកជីប្រភេទនេះឲ្យម៉ត់ រួចយកមកលាបលើស្បែក បន្ទាប់មកលាងទឹកចេញ ដើម្បីការពារកុំឲ្យមូសខាំ។

៥.ខ្ទឹមស៖ ដូចជីនាងវងដែរ ខ្ទឹមស មាននាទីលើសពីធ្វើឲ្យម្ហូបឈ្ងុយ ពោលគឺមានសមត្ថភាពដេញមូសទៀត។ ដូច្នេះ លោកអ្នកអាចដាំខ្ទឹមស នៅតាមបរិវេណផ្ទះ។ ធ្វើដូចនេះ មិនត្រឹមតែធ្វើឲ្យលោកអ្នកមានភាពងាយស្រួល ក្នុងការយកខ្ទឹមសមកធ្វើម្ហូបទេ វាថែមទាំងអាចជួយបង្ការលោកអ្នកពីមូសខាំទៀតផង៕

