តើអ្នកជាមនុស្សស្គមទេ ហើយចង់ឡើងទម្ងន់ច្រើនជាងមុនដែរទេ? អ្នកប្រហែលជាចង់ញ៉ាំអាហារណាដែលសម្បូរកាឡូរី និងខ្លាញ់ហើយមើលទៅ ។ ប៉ុន្តែការហាត់ប្រាណជាប្រចាំ គួរតែជារឿងដែលមនុស្សស្គមៗគួរតែធ្វើដែរ ។ ពិតណាស់ ការហាត់ប្រាណគេមិនគិតថា ទាល់តែមនុស្សភេទប្រុស ឬស្រី អាយុច្រើន ឬតិច ឬធាត់ឡើយ ព្រោះវាគឺជាអ្វីដែលជួយ ឲ្យមានសុខភាពល្អ ។ យ៉ាងណាមិញ សម្រាប់មនុស្សស្គមៗ អ្នកនឹងទទួលបានអត្ថប្រយោជន៍ យ៉ាងច្រើនចំពោះសុខភាព ជាពិសេសការហាត់ប្រាណ បែបលើកដុំដែកតែម្តង ។
ការហាត់ប្រាណទៀងទាត់ នឹងធ្វើឲ្យមានអារម្មណ៍ថា មានកម្លាំង
យកល្អគួរតែហាត់ប្រាណ ឲ្យបានច្រើនជាពិសេស បើសិនជាអ្នកកំពុងតែរស់នៅបែបរវល់ ឬរបៀបរស់នៅបែបសកម្មច្រើន។ បើសិនជាអ្នកជាមនុស្សស្គម និងតែងតែអស់កម្លាំងពេកនោះ ការហាត់ប្រាណអាចជួយ ឲ្យអ្នកមានកម្លាំងបានលឿន តាមតម្រូវការបាន។
ល្អចំពោះសុខភាពបេះដូង សរសៃឈាម
ការយកវិធីហាត់ប្រាណ ជាផ្នែកមួយនៃទម្លាប់រស់នៅ ពី ៤ ទៅ ៥ដងក្នុងមួយសប្តាហ៍នឹងជួយ បន្ថយការប្រឈម នឹងបញ្ហាជាច្រើន ដែលជាប់ទាក់ទងនឹងបេះដូង។ វាក៏ជាអ្វីដែលអាចបញ្ចុះកូឡេស្តេរ៉ុល និងសម្រួលដល់ សម្ពាធឈាមបានដែរ។ អ្នកជំនាញនិយាយថា ការហាត់ប្រាណដោយលើកដុំដែក អាចបន្ថយការប្រឈមនឹងជំងឺបេះដូង គាំងបេះដូង និងគ្រោះថ្នាក់សរសៃ ឈាមខួរក្បាលបាន ។
បង្កើនមុខងារប្រព័ន្ធភាពស៊ាំ តើអ្នកច្រើនតែយល់ថា ខ្លួនឯងមានបញ្ហាអាឡែហ្ស៊ី និងការបង្ករោគដូចជា ក្អក និងផ្តាសាយដែរទេ? រឿងនេះប្រហែលជាអ្នកត្រូវការហាត់ប្រាណកាន់តែច្រើនដើម្បីឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងហើយ។ ការសិក្សាបានបង្ហាញថា ការហាត់ប្រាណប្រហែលជាបន្ថយឱកាសនៃការកើតជំងឺដែលនាំឲ្យស្លាប់បានដូចជា ជំងឺមហារីកជាដើម។
ជួយបំបាត់ការបាក់ទឹកចិត្ត និង ការថប់អារម្មណ៍ វាមិនមែនជាអាថ៌កំបាំងឡើយ ដែលថា ការហាត់ប្រាណ ជួយឲ្យអ្នកមាន អារម្មណ៍សប្បាយចិត្ត តែអ្នកគួរតែអរគុណ ដល់ការកើនឡើងរបស់សារធាតុ Endorphins ដែលជាអ័រម៉ូនជួយ ឲ្យសប្បាយចិត្ត ។ ក្រៅពីធ្វើឲ្យមានអារម្មណ៍ល្អ អ័រម៉ូននេះត្រូវបានគេដឹងថា ជួយបង្កើនការស្រឡាញ់ខ្លួនឯង និងបន្ថយការ ឈឺចាប់ថែមទៀត។ ក្រៅពីនេះ Endorphin ក៏ជួយបំបាត់ការថប់អារម្មណ៍ដែរ ។
ពង្រឹងដល់ការគេង បើអ្នកជាមនុស្សពិបាកគេងលក់ ចូរចាប់ផ្តើមថ្ងៃថ្មីជាមួយនឹង ការហាត់ប្រាណដើម្បីកុំឲ្យងងុយ គេងនៅពេលថ្ងៃ និងជម្រុញដល់ ការងងុយគេងនៅពេលយប់ ។ អ្នកគួរតែកុំហាត់ប្រាណនៅរយៈពេលពីរបីម៉ោងមុនគេដែរ ព្រោះវានឹងធ្វើឲ្យការគេងមិនលក់កាន់តែខ្លាំង៕