ល្ពៅគឺជារុក្ខជាតិ ដែលមានគុណសម្បត្តិ ជាប្រយោជន៏ដល់មនុស្ស យ៉ាងច្រើនលើសលប់ ទាំងធ្វើជាអាហារ បង្អែមបានគ្រប់រូបបែប ផ្តល់នូរសារ ធាតុអាហារសំខាន់ជាច្រើន រួមទាំងមានសព្វគុណ ខាងផ្នែកថ្នាំព្យាបាល រោគផ្សេងៗមួយចំនួនផងដែរ ។
ល្ពៅក្រៅពីជារបស់ល្អ មានតំលៃថោកថែមទាំងអាច រកទិញបានយ៉ាងងាយ ព្រោះអ្នកស្រុកនិយមដាំច្រើន នៅតាមគេហដ្ឋាន ឬចំការជាលក្ខណៈគ្រួសារ ឬសំរាប់ធ្វើអាជីរកម្ម។
ល្ពៅជារុក្ខជាតិម្យ៉ាង ដែលមានប្រភពកំណើតមិនច្បាស់លាស់ ។ អ្នកខ្លះថាវាមានប្រភពមកពីអេហ្ស៊ីប ឬ ទីក្រុងរ៉ូម ដែលមានកំណើត តាំងពីសម័យអេហ្ស៊ីបបុរាណ ឬសម័យអាណាចក្ររ៉ូម និងបាប៊ីឡូន ប៉ុន្តែពុំមានឯកសារណាបញ្ជាក់ច្បាស់លាស់ទេ ។ ល្ពៅជាប្រភេទរុក្ខជាតិដើមវល្លិ៍ វារនៅលើដីជារុក្ខជាតិដែលចូលចិត្តិថ្ងៃ ដាំដុះបានល្អក្នុងគ្រប់ប្រភេទដី តែចូលចិត្តដីផុសៗ។ គេអាចពង្រីកពូជរបស់វា ដោយការប្រើគ្រាប់ ។ វាផ្តល់ផលល្អ និងលូតលាសល្អបំផុតនៅរដូររងារ ។
ដោយ៖ ហង្ស សុបញ្ញា