ផ្លែភ្ញៀវ គឹជាផ្លែឈើមួយប្រភេទ ដែលមានរសជាតិជូរអែម ហើយអាចទទួលទានបានទាំងឆៅ និងទាំងសំបកតែម្ដង។ មនុស្សភាគច្រើនយក ផ្លែភ្ញៀវមកទទួលទានលេង ដោយមិនបានចាប់អារម្មណ៍ដឹងថា ផ្លែឈើនេះអាចផ្ដល់នូវ អត្ថប្រយោជន៍ អស្ចារ្យជាច្រើនចំពោះសុខភាព របស់ពួកគេឡើយ ។
១. ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ សារធាតុចិញ្ចឹមចាំបាច់មួយ ដែលមានផ្ទុកនៅក្នុងផ្លែភ្ញៀវ គឺវីតាមីន C ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឲ្យប្រព័ន្ធភាពស៊ាំ មានភាពប្រសើរឡើង ។ ការរក្សាបាននូវប្រព័ន្ធភាពស៊ាំរឹងមាំ គឺសំខាន់ណាស់ ដើម្បីទប់ស្កាត់បញ្ហាជំងឺផ្សេងៗ ។ ហើយប្រព័ន្ធភាពស៊ាំរឹងមាំ ក៏ជួយអ្នកឲ្យជៀសឆ្ងាយពីមេរោគឆ្លងដូចជា ជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ ជាដើមផងដែរ ។
២. ជួយឲ្យស្បែករឹងមាំស្រស់ស្អាត
វីតាមីន C គឺមិនត្រឹមតែសំខាន់ ដើម្បីរក្សាបាននូវប្រព័ន្ធភាព ស៊ាំរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់សម្រាប់សុខភាព ស្បែកល្អរឹងមាំស្រស់ស្អាតក្មេងជាងវ័យដែរ ។ នេះក៏ព្រោះតែវីតាមីន C ជួយព្យាបាលជួសជុលស្បែកដែលខូចខាត ក៏ដូចជាសំយោគកូឡាជែន ដែលជួយធ្វើឲ្យស្បែកមិនងាយចាស់ ឬឆាប់ជ្រីវជ្រួញទៀតផង។
៣. ពង្រឹងសុខភាពអញ្ចាញធ្មេញ
លើសពីនេះទៅទៀត វីតាមីន C ដែលមានផ្ទុកក្នុងផ្លែភ្ញៀវ គឺសំខាន់ណាស់សម្រាប់សុខភាពអញ្ចាញធ្មេញរឹងមាំ។
៤. ទប់ស្កាត់ហានិភ័យនៃជំងឺខ្វះជាតិដែក
កង្វះជាតិដែកក្នុងរាងកាយ ឬបញ្ហាខ្វះគ្រាប់ឈាមក្រហម គឺជាបញ្ហាមួយទាក់ទងនឹងឈាម។ កង្វះនៃគ្រាប់ឈាមក្រហមនឹងបង្អាក់ការផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ក្នុងរាងកាយ ហើយបង្កបញ្ហាសុខភាពគួរឲ្យព្រួយបារម្ភ។ ទោះជាយ៉ាងណា ផ្លែភ្ញៀវ គឺមានផ្ទុកសម្បូរទៅដោយជាតិដែក ហើយនេះមានន័យថា អ្នកគួររួមបញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីជៀសផុតពីបញ្ហាខ្វះជាតិដែក ឬកង្វះគ្រាប់ឈាមក្រហមក្នុងរាងកាយ។
៥. កាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់
នេះ គឺជាមូលហេតុមួយទៀត ដែលបញ្ចាក់ឲ្យឃើញថា ផ្លែភ្ញៀវ គឺល្អសម្រាប់សុខភាពឈាមរបស់អ្នក ដោយវាមានផ្ទុកនូវជាតិប៉ូតាស្យូម។ ផ្លែឈើនេះ គឺល្អដូចទៅនឹងផ្លែចេកដែរក្នុងការបង្ការការឡើងខ្ពស់នៃសម្ពាធឈាម ក៏ដូចជាកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់ ។ ផ្លែភ្ញៀវ ក៏ជួយរក្សាកម្រិតធម្មតា នៃសម្ពាធឈាម ដែលជួយឲ្យអ្នកជៀសផុតពីបញ្ហានៃជំងឺលើសសម្ពាធឈាម និងជំងឺបេះដូងផងដែរ។
៦. ទប់ស្កាត់ជំងឺពុកឆ្អឹង
សារធាតុរ៉ែដ៏សំខាន់មួយទៀត ដែលមានផ្ទុកក្នុងផ្លែភ្ញៀវ គឺកាល់ស្យូម។ ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា កាល់ស្យូម គឺជាសារធាតុចាំបាច់ ជួយធ្វើឲ្យឆ្អឹងមានសុខភាពរឹងមាំ ។ ដូច្នេះការទទួលទានផ្លែភ្ញៀវជាប្រចាំ រួមផ្សំជាមួយការធ្វើលំហាត់ប្រាណទៀង ទាត់ទៀតនោះ នឹងធ្វើឲ្យអ្នកជៀសឆ្ងាយពីជំងឺពុកឆ្អឹងប្រកបដោយប្រសិទ្ធិភាព។
៧. សម្រួលដល់ការរំលាយអាហារ
ការទទួលទានផ្លែភ្ញៀវជាប្រចាំ ជួយសម្រួលដល់ដំណើរការ នៃការរំលាយអាហារ ដោយសារផ្លែ
ឈើនេះមានផ្ទុកនូវជាតិសសៃខ្ពស់ដែលជម្រុញការផលិតទឹកក្រពះរំលាយអាហារ ។ លើសពីនេះទៅទៀតជាតិសសៃ ក៏ជួយសម្រួលដល់ចលនា នៃពោះវៀន ដែលជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកពោះវៀន និងជំងឺឬសដូងបាតផងដែរ ៕
ដោយ៖ ហង្ស សុបញ្ញា
មិនគួរឲ្យជឿសោះថា ផ្លែភ្ញៀវ ល្អប្រសើរយ៉ាងនេះ ចំពោះសុខភាព
By
Posted on