សុខភាព និង ផ្លូវភេទ

ទម្លាប់ហាត់ប្រាណ ទៀងទាត់ អាចបង្ការសុខភាព បេះដូងបានល្អ

ការហាត់ប្រាណជា វិធីជួយថែរក្សាភាពក្មេងវ័យ របស់បេះដូងអ្នកបាន ។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលហាត់ប្រាណជាទៀងទាត់ ពេញមួយជីវិតឃើញថា ភាពចុះទ្រត់ទ្រោមរបស់បេះដូង និងសរសៃឈាមពួកគេក៏ថយចុះដែរ ។ ការរកឃើញនេះបានមកពី ការប្រៀបធៀបគ្នានៃប្រវត្តិនៃការហាត់ប្រាណ និងសុខភាពបេះដូងលើមនុស្សអាយុ ៦០ឡើងទៅចំនួន ១០២នាក់ ។

អ្នកដែលហាត់ប្រាណពីរទៅបីដងក្នុងមួយសប្តាហ៍ យ៉ាងហោចណាស់ កន្លះម៉ោងក្នុងមួយថ្ងៃរយៈពេលច្រើនឆ្នាំ ឃើញថា សរសៃឈាមអាក់ទែររបស់ពួកគេមិនងាយរឹងឡើយ ជាពិសេសសរសៃឈាម ដែលមាននាទីផ្គត់ផ្គង់អុកស៊ីសែន ទៅកាន់ខួរក្បាល និងករតែម្តង ។ ប៉ុន្តែអ្នកចូលរួមក្នុងការសិក្សានេះ ដែលមានទម្លាប់ហាត់ប្រាណរហូតដល់ ៤ ទៅ ៥ដងក្នុងមួយសប្តាហ៍ហើយនោះ គឺមានភាពល្អច្រើនទៅលើសរសៃឈាមកណ្តាល ដែលមាននាទី ផ្គត់ផ្គង់ឈាមទៅកាន់ទ្រូង និងពោះ ។

ការសិក្សានេះពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ដោយសារតែវាជម្រុញដល់អ្នកស្រាវជ្រាវបង្កើតនូវកម្មវិធីហាត់ប្រាណដើម្បីជួយថែរក្សាភាពក្មេងវ័យដដែលរបស់បេះដូង និងអាចទាញស្ថានភាពបេះដូង និងសរសៃឈាមដែលចាស់ៗហើយមកក្មេងវិញដែរ។ យ៉ាងណាមិញ ការសិក្សានេះបានពិនិត្យតែទៅលើភាពញឹកញាប់នៃការហាត់ប្រាណរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ មិនបានសិក្សាទៅលើប្រភេទនៃការហាត់ប្រាណ ឬភាពខ្លាំងក្លាដែលគេហាត់ឡើយ។ កត្តាទាំងនោះអាចដើរតួនាទីដ៏សំខាន់មួយទៅលើសុខភាពសរសៃឈាមអាក់ទែពួកគេដែរ៕
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top