សុខភាព និង ផ្លូវភេទ

ជាសះស្បើយ ពីជំងឺផ្តាសាយ ត្រឹមតែរយៈពេល ឆាប់រហ័សបំផុត

អាមេរិក៖ យោងតាមគេហទំព័រព័ត៌មាន សុខភាពអាមេរិក Healthline បានឪ្យដឹងថា នេះគឺជាដំណឹងល្អ មួយសម្រាប់អ្នកចូលចិត្ត ញ៉ាំខ្ទឹមស ។ តាមការសិក្សាថ្មី មួយបានឱ្យដឹងថា ការញ៉ាំខ្ទឹមសឆៅ ឬដំវា ហើយលាយជាមួយ ទឹកឃ្មុំ ប្រហែលជាមានប្រសិទ្ធភាពអស្ចារ្យក្នុងការប្រឆាំងនឹងជំងឺផ្តាសាយ ហើយវាប្រើពេល តិចទេគឺត្រឹមតែ ៣ម៉ោងប៉ុណ្ណោះ ។

ការសិក្សាដ៏តូចមួយ ដែលបានចុះផ្សាយដោយសារព័ត៌មាន Journal of Nutrition បានអះអាងថា ការញ៉ាំខ្ទឹមស និងខ្ទឹមដំ ៥ក្រាម អាចបង្កើនសមត្ថភាព របស់រាងកាយ ក្នុងការផលិតកោសិកាគ្រាប់ឈាមស និងដំណើរការ នៃការប្រឆាំងជំងឺ មហារីកបាន ក្រោយពីញ៉ាំបាន ៣ម៉ោងរួច ។

អ្នកស្រាវជ្រាវមិនបាននិយាយច្បាស់ទេថា ខ្ទឹមសនឹងចាប់ផ្តើមប្រឆាំងនឹង ជំងឺផ្តាសាយលឿនយ៉ាងណានោះទេ។ ប៉ុន្តែតាមការស្រាវជ្រាវពីមុនបានបញ្ជាក់ថា នៅពេលប្រឆាំងនឹងជំងឺផ្តាសាយ ខ្ទឹមគឺមានរបស់ពិសេសមួយចំនួន។

ការសិក្សាកាលពីឆ្នាំ ២០១២ បានរកឃើញថា អ្នកដែលញ៉ាំថ្នាំ បំប៉នជាប្រភេទខ្ទឹមសរាល់ថ្ងៃ ឃើញថាកោសិកា គ្រាប់ឈាមស របស់ពួកគេមានសកម្មភាពខ្លាំងជាង និងមិនសូវមានរោគសញ្ញា របស់ជំងឺផ្តាសាយដូចអ្នកមិនប្រើដែរ។

លើសពីនេះទៅទៀត ការសិក្សា កាលពីឆ្នាំ ២០០១ បានរកឃើញថា អ្នកដែលប្រើថ្នាំបំប៉នប្រភេទខ្ទឹមសទំនង ជាមិនសូវមានជំងឺផ្តាសាយទេ ហើយក៏ឆាប់ជាវិញដែរ ទោះបីជាមានជំងឺ នេះហើយក៏ដោយ។

តើអ្វីទៅដែលធ្វើឱ្យខ្ទឹមសអាចប្រឆាំងនឹងជំងឺផ្តាសាយបានយ៉ាងល្អបែបនេះទៅ? អ្នកស្រាវជ្រាវនិយាយថា ជីវជាតិក្នុងខ្ទឹមសដូចជា ជាតិរ៉ែសេឡេញ៉ូម អង់ស៊ីម វីតាមីន C និង សារធាតុមានជាតិស្ពាន់ធ័រ ប្រហែលជាអ្នកដើរ តួនាទីក្នុងរឿងនេះ ។ ខ្ទឹមសដែលដំរួច នឹងបញ្ចេញអង់ស៊ីមមួយឈ្មោះថា Alliinase ដែលបង្កើតទៅជា Allicin ដែលវាមានមុខងារ សម្លាប់បាក់តេរីតែម្តង ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top