សុខភាព និង ផ្លូវភេទ

ធ្លាប់ដឹងហើយថា ញ៉ាំប្រៃពេកមានបញ្ហាសុខភាព ចុះបើញ៉ាំសាបពេក តើមានអ្វីកើតឡើងទៅ?

ថ្វីបើការញ៉ាំអាហារ ដែលមានជាតិប្រៃច្រើនពេក មានទំនាក់ទំនងនឹងជំងឺជាច្រើនក៏ដោយ តែរបបអាហារដែលមានជាតិប្រៃតិចពេក ឬសាបនោះ ក៏អាចមានផលអវិជ្ជមានចំពោះសុខភាពបានដែរ ។

តាមការសិក្សាជាច្រើនបានបង្ហាញឲ្យដឹងថា របបអាហារមានជាតិអំបិល ឬប្រៃតិច ឬសាបមានទំនាក់ទំនងក្នុងការធ្វើឲ្យកូឡេស្តេរ៉ុល និងខ្លាញ់ Triglyceride ក្នុងឈាមឡើងខ្ពស់។ សារធាតុខ្លាញ់ទាំងពីរប្រភេទនេះត្រូវបានគេរកឃើញក្នុងឈាម ដែលអាចកើនឡើងខ្លាំងក្នុងសរសៃឈាមអាក់ទែ និងធ្វើឲ្យប្រឈមខ្ពស់នឹងបេះដូងតែម្តង។

ការសិក្សាដ៏ធំមួយកាលពីឆ្នាំ ២០១២បានបង្ហាញថា របបអាហារដែលសាបពេកធ្វើឲ្យកើនឡើងកូឡេស្តេរ៉ុលក្នុងឈាមរហូតដល់ ២,៥ភាគរយ និងខ្លាញ់ Triglycerides ក្នុងឈាម ៧ភាគរយ។ ការសិក្សាផ្សេងមួយទៀតក៏បានរកឃើញដែរថា របបអាហារដែលសាបធ្វើឲ្យកូឡេស្តេរ៉ុលអាក្រក់កើនឡើងក្នុងឈាម ៤,៦ភាគរយ និងTriglyceride ៥,៩ភាគរយ។

ការស្រាវជ្រាវផ្សេងៗទៀត បានរកឃើញថា ការដែលតមជាតិប្រៃប្រហែល ជាធ្វើឲ្យស៊ាំនឹងអាំងស៊ុយលីនបាន ដែលជាហេតុនាំឲ្យអាំង ស៊ុយលីននេះធ្វើការមិន សូវមានប្រសិទ្ធភាពទេ ជាពិសេសធ្វើឲ្យជាតិស្ករ ក្នុងឈាមកើនឡើង និងប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែមថែមទៀត។
កាលណារបបអាហារខ្វះជាតិប្រៃ វាអាចបណ្តាលឲ្យកើតជាជំងឺកង្វះជាតិសូដ្យូមក្នុងឈាម និងបង្កជាអាការៈដូចជា ឈឺក្បាល អស់កម្លាំង ចង្អោ និងវិលមុខបាន ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top