សុខភាព និង ផ្លូវភេទ

រដ្ឋាភិបាលថៃនឹងចាត់វិធានការផ្លូវ ច្បាប់កាន់តែតឹងរ៉ឹងលើអ្នកជក់បារី អេឡិចត្រូនិចក្នុងប្រទេស

ថៃ៖យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃម្នាក់បាននិយាយថា រដ្ឋាភិបាលថៃនឹងចាត់វិធានការតឹងរ៉ឹងលើអ្នកប្រើប្រាស់ ឬជក់បារីអេឡិចត្រូនិច “Vapers” ដែលអាចនឹងត្រូវចោទប្រកាន់ពីបទទទួលផលិតផលរត់ពន្ធ បន្ទាប់ពីសកម្មភាពការជក់បារីអេឡិចត្រូនិចកាន់តែវាយឡុកខ្លាំងឡើង យោងតាមការចេញផ្សាយពីគេហទំព័រ bangkokpost។

អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Anukul Prueksa-anurak បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលបានបង្កើនការបង្ក្រាបបារីអេឡិចត្រូនិច និងផលិតផលដែលពាក់ព័ន្ធ ដោយគ្របដណ្តប់មិនត្រឹមតែអ្នករត់ពន្ធ និងអ្នកចែកចាយប៉ុណ្ណោះទេ ថែមទាំងអ្នកជក់បារីផងដែរ។ លោកបានបន្តថា អ្នកជក់បារីអេឡិចត្រូនិកអាចត្រូវបានកាត់ទោសពីបទទទួលបានផលិតផលរត់ពន្ធ។

យោងតាមច្បាប់គយបានឲ្យដឹងថា បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ស្មើនឹង៤ ដងនៃតម្លៃទំនិញរត់ពន្ធ បូកនឹងពន្ធណាមួយ។

បារីអេឡិចត្រូនិច គឺជារឿងខុសច្បាប់ក្នុងប្រទេសថៃ ប៉ុន្តែវាមិនបានបញ្ឈប់វាពីការលក់ដោយបើកចំហនោះទេ សូម្បីតែនៅតំបន់ក្បែរសាលារៀននាំឲ្យមានការកើនឡើងគួរឲ្យព្រួយបារម្ភនៃការជក់បារីក្នុងចំណោមយុវវ័យ។ ក្មេងជំទង់ជាច្រើននាបានសម្រាកព្យាបាល់នៅមន្ទីរពេទ្យនាពេលថ្មីៗនេះ ដោយសារបញ្ហាខូចខាតសួត ទើបរដ្ឋាភិបាលការយកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហានេះ។

លោក Anukul បានអះអាងថា មន្ទីរពេទ្យ Ramathibodi បានរកឃើញក្នុងការសិក្សាមួយថា ជំងឺដែលទាក់ទងនឹងការជក់បារីបានចំណាយប្រាក់ប្រហែល ៣០៦ លានបាតសម្រាប់ការព្យាបាលវេជ្ជសាស្រ្តកាលពីឆ្នាំមុន។ ជំងឺទាំងនោះរួមមាន ជំងឺស្ទះសួតរ៉ាំរ៉ៃ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង និងជំងឺហឺត។ លោកបានបន្ថែមថា ភាគរយនៃអ្នកប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមមនុស្សដែលមានអាយុពី ១៥-២៩ ឆ្នាំបានកើនឡើងពី ៥.៨ ភាគរយក្នុងឆ្នាំ ២០១៩ ដល់១២.២ភាគរយក្នុងឆ្នាំ ២០២៤។

លោក Anukul បានបញ្ជាក់ ថា នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ថ្មីៗនេះបានបញ្ជាឲ្យមានការបង្រ្កាបយ៉ាងធ្ងន់ធ្ងរលើបារីអេឡិចត្រូនិច ជាពិសេសបណ្តាញលក់អនឡាញ។ ក្នុងរយៈពេល២ខែចាប់តាំងពីការបង្ក្រាបបានចាប់ផ្តើមការលក់ និងចំនួនអ្នកប្រើប្រាស់បារីអេឡិចត្រូនិចបានធ្លាក់ចុះជាង ៨០ភាគរយ៕https://www.bangkokpost.com/thailand/general/3010335/thailand-threatens-vapers-with-tougher-legal-action?tbref=hp

Most Popular

To Top