បរទេស ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការប្រកាសប្រាប់ថា សមយុទ្ធរួមគ្នាមួយ ធ្វើឡើងដោយក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ USS Nimitz និងនាវាផ្ទុកយន្តហោះ USS Ronald Reagan គឺកំពុងតែប្រព្រឹត្តទៅ នៅក្នុងដែនសមុទ្រហ្វីលីពីន។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយ របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ប្រតិបត្តិការធ្វើរួមគ្នា នៅក្នុងដែនទឹកអន្តរជាតិនោះ គឺបានចាប់ផ្តើមឡើងនៅថ្ងៃអាទិត្យ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។
គួរបញ្ជាក់ថា ការបង្ហាញឲ្យឃើញនូវសាច់ដុំយោធា របស់សហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង ស្របពេល ដែលប្រទេសចិន បានធ្វើការអះអាងកម្មសិទ្ធិ កាន់តែគឃ្លើនខ្លាំងឡើង ចំពោះកោះនានានៅទីនោះ បើទោះជាមានការអះអាងប្រឆាំង ពីប្រទេសជិតខាងក៏ដោយ ៕ប្រែសម្រួល៖ប៉ាង កុង

