បរទេស៖ រដ្ឋាភិបាលថៃបាន រាយការណ៍ថា កាលពីថ្ងៃច័ន្ទ មានករណីឆ្លងវីរុស ថ្មីចំនួន ៧ នាក់ថែមទៀត និងមិនមានអ្នកស្លាប់ថ្មីទេ ដោយបាននាំឱ្យចំនួនអ្នកឆ្លង សរុបនៅក្នុងប្រទេសថៃកើនឡើងដល់ ៣.១៦៩ នាក់ និង ៥៨ នាក់បានស្លាប់ចាប់តាំងពីខែមករា។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ករណីឆ្លងថ្មីទាំងអស់ គឺជាជនជាតិថៃ ដែលត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីបានវិលត្រឡប់មក ពីប្រទេសឥណ្ឌានិងសហរដ្ឋអាមេរិកថ្មីៗនេះ។ មិនមានការឆ្លងតាមមូលដ្ឋាននោះទេ អស់រយៈពេល ៣៥ ថ្ងៃមកនេះ។
មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Covid-19 ក៏បានបន្ថែមក្រឹត្យគ្រាអាសន្នសម្រាប់រយៈពេល មួយខែទៀតដល់ចុងខែកក្កដា បន្ទាប់ពីក្រឹត្យនេះ នឹងត្រូវផុតកំណត់នៅថ្ងៃអង្គារ។
មជ្ឈមណ្ឌលបាននិយាយថា ការពង្រីកនេះគឺចាំបាច់ពីព្រោះប្រទេសថៃ នឹងបើកអាជីវកម្មកាន់តែច្រើន និងអនុញ្ញាតឱ្យមានការធ្វើដំណើរកាន់តែច្រើន ហើយសាលារៀនទាំងអស់ ក៏នឹងត្រូវបើកដំណើរការវិញ ដូចគ្នាដែរ នៅថ្ងៃពុធនេះ។
ការសម្រេចចិត្តត្រូវបាន សម្រេចនៅក្នុងកិច្ចប្រជុំសមាជិក ពេញលេញនៃមជ្ឈមណ្ឌលដែលដឹកនាំ ដោយនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធចាន់អូចា៕ប្រែសម្រួលៈ ណៃ តុលា