បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae In បានធ្វើការប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ក្នុងការធ្វើឲ្យមានកិច្ចប្រជុំពិភាក្សាគ្នាមួយ ជាមួយនឹងកូរ៉េខាងជើង ឲ្យបានមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិកមកដល់។
លោក Moon បានធ្វើការកត់សម្គាល់ នៅក្នុង វីដេអូខលមួយ ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីវិធី ដើម្បីដោះស្រាយការផ្ទុះឡើង នៃជំងឺផ្តាសាយកូវីដ១៩។
មន្រ្តីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សន្និសីទសារព័ត៌មានមួយថា លោកMoon បាននិយាយនៅក្នុង វីដេអូខលទៀតដែរថា លោកនឹងប្រឹងប្រែង ដើម្បីរក្សាសន្ទុះ នៃការសន្ទនាគ្នារវាងកូរ៉េទាំងពីរ និងសហរដ្ឋអាមេរិកបន្ថែមទៀត៕
ប្រែសម្រួល៖ស៊ុនលី