ព័ត៌មានអន្តរជាតិ

ក្នុងមួយឆ្នាំៗ មានពលរដ្ឋ ២ ០០០នាក់ បានស្លាប់ ដោយសារ រន្ទះបាញ់ នៅឥណ្ឌា

ញូដេលី ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ២៣ នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ នៅរដ្ឋ អ៊ូតា ប្រាដែសប្រទេសឥណ្ឌា ដោយសារគ្រោះធម្មជាតិ រន្ទះបាញ់ ហើយ នៅទូទាំងប្រទេសឥណ្ឌា រន្ទះបាញ់ គឺបានសម្លាប់មនុស្សជាង ២ ០០០ នាក់ ជារៀងរាល់ឆ្នាំ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមមន្រ្តីក្នុងតំបន់ការស្លាប់ មនុស្សទាំង ២៣នាក់ ត្រូវបានចុះបញ្ជី នៅក្នុងស្រុកទាំងអស់រួមមាន Allahabad, Mirzapur, Kaushambi, Jaunpur និងស្រុក Bhadohi ។

បើតាមសារព័ត៌មាន មនុស្សចំនួន ២៩ នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ដោយការរលាកធ្ងន់ធ្ងរ បន្ទាប់ពីត្រូវរន្ទះបាញ់ ។

ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា នាយកមន្រ្តី (ប្រមុខរដ្ឋាភិបាលក្នុងរដ្ឋ) នៃរដ្ឋ Uttar Pradesh លោក Yogi Adityanath បានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ ហើយបានអំពាវនាវដល់មន្រ្តីមូលដ្ឋាន ផ្តល់សំណងចំនួន ៤០០,០០០ រូពី (៥.៣៥៦ ដុល្លារ) ដល់គ្រួសារនីមួយៗ ដែលរងគ្រោះ។

យោងតាមកាសែត The Hindustan Times មនុស្ស ៣១៥ នាក់នៅរដ្ឋអ៊ូតាប្រាដេស និងរដ្ឋ ប៊ីហារ បានស្លាប់ចាប់តាំងពីថ្ងៃទី ១៥ ឧសភា ដោយសាររន្ទះបាញ់។ ជនរងគ្រោះភាគច្រើនជាកសិករ ដែលបានធ្វើការក្នុងអំឡុង ពេលមានភ្លៀងធ្លាក់ខ្លាំងនិងផ្គររន្ទះ ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top