ព័ត៌មានអន្តរជាតិ

ចិន បញ្ជាក់ថា នឹងមិនចូលរួម ក្នុងកិច្ចចរចានុយក្លេអ៊ែរនោះទេ បើអាមេរិក មិនកាត់បន្ថយក្បាល គ្រាប់របស់ខ្លួន

ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់ចិនម្នាក់ បានលើកឡើងថាប្រទេសចិន នឹងរីករាយក្នុងការចូលរួមកិច្ចពិភាក្សា ស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរត្រីភាគី ជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ី ដោយស្ថិតក្នុងលក្ខខណ្ឌថា ទីក្រុងវ៉ាស៊ីនតោន ចាំបាច់កាត់បន្ថយឃ្លាំងអាវុធ របស់ខ្លួនឲ្យបានច្រើន ដើម្បីឆ្លើយតបនឹងកម្រិតផ្ទាល់ របស់ចិន។

យោធាចិនបច្ចុប្បន្ន មានអាវុធនុយក្លេអ៊ែរ តិចជាងអាមេរិក ឬរុស្ស៊ី ដែលប្រទេសទាំងពីរមានក្បាលគ្រាប់ នុយក្លេអ៊ែរយ៉ាងតិច ៥០០០ គ្រាប់រៀងខ្លួន។

នៅក្នុងការប្រៀបធៀប វាត្រូវបានគេប៉ាន់ស្មានថា ប្រទេសចិនមានតែប្រហែល ៣២០ ប៉ុណ្ណោះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិស្តុកខុល (SIPRI) មានន័យថា សហរដ្ឋអាមេរិកនឹងតម្រូវឱ្យលុបបំបាត់ក្បាលគ្រាប់ជាង ៤.៥០០ ចេញពីឃ្លាំងអាវុធរបស់ខ្លួន ដើម្បីផ្គូផ្គងជាមួយទីក្រុងប៉េកាំង។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវម្តងហើយម្តងទៀត ឱ្យប្រទេសចិន ចូលរួមការចរចាត្រួតពិនិត្យអាវុធនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ប៉ុន្តែទីក្រុងប៉េកាំង បានឲ្យដឹងថាខ្លួនគ្មានបញ្ហាទេ ខណៈដែលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅមានទំហំតូចនៅឡើយ ៕

Most Popular

To Top