ព័ត៌មានអន្តរជាតិ

អាមេរិក អូស្រ្ដាលី ជប៉ុន ជំរុញកូរ៉េខាងជើង ឈប់បង្កើនភាពតានតឹង និងវិលរកតុចរចាវិញ

វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិក អូស្រ្តាលី និងជប៉ុន បានទទូចដល់កូរ៉េខាងជើង ឱ្យចៀសវាងពីសកម្មភាព ដែលបង្កើនភាពតានតឹង និងវិលត្រឡប់ មករកការចរចាជុំវិញ កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួន។

នៅក្នុងកិច្ចប្រជុំត្រីភាគីជាក់ស្តែង រដ្ឋមន្ត្រីការពារជាតិ អាមេរិកលោក Mark Esper និងសមភាគីរបស់លោក គឺលោកស្រី Linda Reynolds នៃប្រទេសអូស្ត្រាលី និងលោក Taro Kono នៃប្រទេសជប៉ុន បានចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំង របស់ពួកគេថា ការបាញ់មីស៊ីលផ្លោង របស់កូរ៉េខាងជើង បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខអន្តរជាតិ។

រដ្ឋមន្រ្តីការពារជាតិ នៃប្រទេសទាំង៣ ក៏បានថ្កោលទោស ការរំលោភបំពាន ម្តងហើយម្តងទៀត របស់កូរ៉េខាងជើង ចំពោះសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ និងបានបង្ហាញការព្រួយបារម្ភ ចំពោះការប្រកាស របស់ក្រុងព្យុងយ៉ាងថា ខ្លួនលែងមានអារម្មណ៍ជាប់គាំង ដោយសារការហាមឃាត់ របស់ខ្លួន លើការសាកល្បងមីស៊ីល ផ្លោងនុយក្លេអ៊ែរ និងអន្តរទ្វីប ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top