បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នាពេលថ្មីៗនេះ បានបង្ហាញការប្តេជ្ញា ដើរតាមផ្លូវផ្សេងទៀត ក្រៅពីប្រទេសជប៉ុន នៅក្នុងអំឡុង ដំណើរទស្សនកិច្ចក្រុមហ៊ុនក្នុងស្រុក SK Hynix នេះបើយោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។
ទីភ្នាក់ងារសារព័ត៌មាន MoneyToday បានរាយការណ៍ថា លោក មូន ជេអ៊ីន ដែលសម្តែងការសាទរ ចំពោះវិស័យឧស្សាហកម្មកូរ៉េខាងត្បូង សម្រាប់ការឆ្លើយតបរហ័ស ចំពោះការរឹតបន្តឹងគ្រប់គ្រង លើការនាំចេញរបស់ជប៉ុន នៅក្នុងឆ្នាំ២០១៩នោះ បានមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា គោលនយោបាយទីក្រុងតូក្យូ ផ្តោតលើក្រុមហ៊ុនកូរ៉េខាងត្បូង គឺមិនយុត្តិធម៌។
លោកប្រធានាធិបតី កូរ៉េខាងត្បូងរូបនេះ ក៏បានមានប្រសាសន៍ យ៉ាងដូច្នេះផងដែរថា “វាមានរយៈពេលមួយឆ្នាំហើយ ចាប់តាំងពីមានការប្រព្រឹត្ត នៃចំណាត់ការគ្រប់គ្រង ការនាំចេញមិនស្មើភាព របស់ប្រទេសជប៉ុន ហើយយើងនឹងរកផ្លូវផ្សេងទៀត ក្រៅពីប្រទេសជប៉ុន”៕ ប្រែសម្រួល៖ប៉ាង កុង
