ព័ត៌មានអន្តរជាតិ

អាមេរិកអនុម័ត កញ្ចប់ធ្វើទំនើបកម្មមីស៊ីល សម្រាប់តៃវ៉ាន់

បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ទើបបានអនុម័តកញ្ចប់ ធ្វើទំនើបកម្ម៦២០លានដុល្លារ សម្រាប់មីស៊ីលវាយប្រហារពីដី ទៅក្នុងអាកាស Patriot ឲ្យដល់កោះតៃវ៉ាន់ ហើយនេះគឺជាការទិញ ដ៏ថ្មីចុងក្រោយបំផុត ពីសហរដ្ឋអាមេរិក ដើម្បីដោះស្រាយ ជាមួយការគម្រាមកំហែង កំពុងតែកើនឡើងពីប្រទេសចិន។

តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា កោះតៃវ៉ាន់ នាពេលថ្មីៗនេះ បានស្នើសុំទិញគ្រឿងបន្លាស់ ដើម្បីធ្វើទំនើបកម្មមីស៊ីល Patriot របស់ខ្លួន ក្នុងគោលបំណងគាំទ្រជីវិតប្រតិបត្តិការរយៈពេល៣០ឆ្នាំ ហើយក្រុមហ៊ុន Lockheed Martin នឹងជាម្ចាស់កុងត្រាចម្បង និងមានតម្លៃចំណាយប៉ាន់ស្មាន សរុបគឺ៦២០ដុល្លារ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសភាគីច្រើនដទៃទៀតដែរ គឺមិនមានចំណងការទូតផ្លូវការ ជាមួយកោះតៃវ៉ាន់នោះទេ ប៉ុន្តែត្រូវបានចងភ្ជាប់គ្នា ដោយច្បាប់ផ្តល់ឲ្យ កោះលទ្ធិប្រជាធិបតេយ្យមួយនេះ នូវមធ្យោបាយការពារខ្លួន៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top