រដ្ឋកាលីហ្វ័រញ៉ា៖ សត្វខុនដូ “condors”កាលីហ្វ័រញ៉ា ដែលជាប្រភេទកម្រ បានបាត់ខ្លួនពីឧទ្យានជាតិ Sequioa កាលពី៥០ ឆ្នាំមុន មិនដែលត្រូវបានគេឃើញទៀតឡើយ រហូតមកដល់ពេលនេះ ទើបបង្ហាញវត្តមានជាថ្មី ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
មន្រ្តីឧទ្យាន បានប្រកាសពីការវិលត្រឡប់ របស់សត្វកម្រដ៏អស្ចារ្យ បន្ទាប់ពីបានប្រទះឃើញរាប់សិបក្បាល នៅក្នុងតំបន់នេះ កាលពីថ្ងៃទី ២៨ ខែឧសភា។ សត្វស្លាបនេះ បានហោះហើរនៅអាមេរិកខាងជើង អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែពេលនេះ មានគ្រោះថ្នាក់ជិតផុតពូជ ដោយសារបរបាញ់ នៅពេលវាកំពុងស៊ីចំណី លើគ្រោងឆ្អឹងរបស់សត្វស្លាប់។
ឧទ្យានជាតិ Sequioa ត្រូវបានបិទតាំងពីខែមីនា រហូតដល់ខែមុន ដោយសារជំងឺរាតត្បាតរាលដាល ប៉ុន្តែអ្នកខ្លះប៉ាន់ស្មានថា កង្វះភ្ញៀវទេសចរ អាចដើរតួជាផ្នែកមួយ នៃការវិលត្រឡប់ របស់សត្វខុនដូឡើយ។ ខុនដូកាលីហ្វ័រញ៉ា គឺជាសត្វធំជាងគេនៅអាមេរិកខាងជើង ដែលមានស្លាបប្រវែង ៩.៥ ហ្វីត និងមានទម្ងន់រហូតដល់ ៣១ ផោន។
វាធ្លាប់បានរីកដុះដាល នៅទូទាំងសហរដ្ឋអាមេរិក ពីរដ្ឋកាលីហ្វ័រញ៉ាដល់រដ្ឋផ្លរីដា និងសូម្បីតែនៅកាណាដាខាងលិច និងម៉ិកស៊ិកខាងជើង៕ ដោយ៖លី ភីលីព