ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ុនប៉ងពង្រីកអធិបតេយ្យភាពរបស់អ៊ីស្រាអែល ដល់ផ្នែកខ្លះនៃតំបន់ West Bank នឹងបង្កឱ្យមានអំពើហឹង្សាថ្មីមួយនៅក្នុងតំបន់។
ការប៉ុនប៉ងបែបនេះក៏នឹងបញ្ចប់ នូវក្តីសង្ឃឹមនៃដំណោះស្រាយរវាងរដ្ឋទាំងពីរផងដែរ។ លោកស្រីបានបន្ថែមថាប្រទេសជាច្រើនមានអាកប្បកិរិយា រិះគន់ចំពោះផែនការរបស់អ៊ីស្រាអែល ក្នុងការបញ្ចូលផ្នែកខ្លះនៃវេសបែង សម្រាប់ការកាន់កាប់របស់ខ្លួន។
លោកស្រី បានបន្ដទៀងថាប្រទេសរុស្ស៊ីគាំទ្រ ដំណោះស្រាយរដ្ឋពីរ សម្រាប់ជម្លោះប៉ាឡេស្ទីន – អ៊ីស្រាអែល នៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ។
ប្រទេសរុស្ស៊ីជឿជាក់ថា វាចាំបាច់ដើម្បីសម្រេចបាននូវការបន្តការចរចាដោយផ្ទាល់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ៕
ដោយ ឈូក បូរ៉ា