បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានរាយការណ៍ប្រាប់ នៅថ្ងៃសៅរ៍សប្តាហ៍នេះថា យន្តហោះចម្បាំងរុស្ស៊ី បានហោះស្ទាក់ដំណើរ យន្តហោះស៊ើបការណ៍ សម្ងាត់របស់សហរដ្ឋអាមេរិក នៅលើដែន សមុទ្រជប៉ុន នាសប្តាហ៍នេះ។
កាសែត UPI ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី ប្រព័ន្ធរ៉ាដារុស្ស៊ី ចាប់សញ្ញាយន្តហោះ អាមេរិកនោះបាន នៅក្នុងដែនអាកាសអន្តរជាតិ ស្ថិតលើដែនទឹកនោះ ប៉ុន្តែមានមុខហោះឆ្ពោះទៅកាន់ ដែនអាកាសរបស់រុស្ស៊ី។
សេចក្តីថ្លែងការណ៍មួយ ពីក្រសួងការពារជាតិរុស្ស៊ី បាននិយាយយ៉ាងដូច្នេះថា “យន្តហោះចម្បាំង Sukhoi Su-35S និង យន្តហោះចម្បាំង MiG-31BM មកពីកងកម្លាំងការពារដែនអាកាស របស់តំបន់យោធាភាគខាងកើត ដែលកំពុងតែបំពេញភារកិច្ច បានប្រញាប់ប្រញាល់ កំណត់អត្តសញ្ញាណ និងហោះស្ទាក់ដំណើរគោលដៅ នៅកណ្ដាលអាកាស។
ក្រោយចូលទៅជិតគោលដៅ ពួកគេបានកំណត់អត្តសញ្ញាណបានថា ជាយន្តហោះចារកម្មយុទ្ធសាស្ត្រ RC-135 របស់កងកម្លាំងទ័ពអាកាសអាមេរិក”៕
ប្រែសម្រួល៖ប៉ាង កុង
