បរទេស ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានព្រមានពលរដ្ឋខ្លួន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងប្រទេសចិន ដោយសារតែកំណើនហានិភ័យ នៃការអនុវត្តច្បាប់មិនត្រឹមត្រូវ ដោយរួមបញ្ចូលទាំងការឃុំខ្លួន និងការហាមឃាត់ មិនឲ្យចេញពីប្រទេសជាដើម។
នៅក្នុងប្រកាសសន្តិសុខមួយ ដែលចេញឲ្យដល់ពលរដ្ឋអាមេរិក នៅក្នុងប្រទេសចិន ក្រសួងការបរទេស សហរដ្ឋអាមេរិក បាននិយាយយ៉ាងដូច្នេះថា “ពលរដ្ឋសហរដ្ឋអាមេរិក អាចនឹងត្រូវចាប់ឃុំខ្លួន ដោយមិនបានទៅដល់ទីភ្នាក់ងារ កុងស៊ុលអាមេរិក ឬក៏គ្មានព័ត៌មាន ស្តីពីឧក្រិដ្ឋកម្មដែលគេចោទទេ” និងបន្ថែមទៀតថា ពលរដ្ឋសហរដ្ឋអាមេរិក អាចប្រឈមមុខ នឹងការសួរចម្លើយអូសបន្លាយ និងការឃុំខ្លួនយូរ សម្រាប់ហេតុផលពាក់ព័ន្ធនឹងសន្តិសុខរដ្ឋ។
គួរបញ្ជាក់ថា សេចក្តីប្រកាសពីសន្តិសុខនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលភាពតានតឹងទ្វេភាគី មានការកើនកម្តៅខ្លាំងឡើង ជុំវិញបញ្ហានានា រួមមានទាំងពីការរាតត្បាត ឆ្លងមេរោគកូរ៉ូណា ជំនួញ ច្បាប់សន្តិសុខហុងកុងថ្មី និងការចោទប្រកាន់ ពីការរំលោភបំពានសិទ្ធិមនុស្ស ទៅលើពួកមូស្លីមអ៊ុយហ្គឺរ នៅក្នុងតំបន់ស៊ីនជាំង៕
ប្រែសម្រួល៖ប៉ាង កុង