បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានថ្កោលទោសប្រទេសអង់គ្លេស សម្រាប់ការប្រកាស ដាក់ទណ្ឌកម្ម ទៅលើអង្គការចំនួនពីរ ដែលរដ្ឋាភិបាលអង់គ្លេសនិយាយថា មានជាប់ពាក់ព័ន្ធ ក្នុងការបង្ខំឲ្យធ្វើពលកម្ម ការធ្វើទារុណកម្ម និងការសម្លាប់ នៅក្នុងជំរំពន្ធនាគារកូរ៉េខាងជើង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយទីក្រុងព្យុងយ៉ាង KCNA មន្ត្រីនាំពាក្យ ក្រសួងការបរទេសកូរ៉េខាងជើងមួយរូប បាននិយាយយ៉ាងដូច្នេះថា “ទង្វើដ៏ថ្មីបំផុត របស់ប្រទេសអង់គ្លេសនេះ គឺជាផែនការនយោបាយជាក់ស្តែងមួយ ដែលចាក់បណ្ដោយ តាមគោលនយោបាយ បង្កគ្រោះរបស់សហរដ្ឋអាមេរិក”។
យោងតាមេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Us News មន្ត្រីនាំពាក្យកូរ៉េខាងជើងរូបនេះ បាននិយាយបន្តទៀតថា “យើងសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា និងបដិសេធការហ៊ាន ដាក់ទណ្ឌកម្ម របស់អង់គ្លេសលើស្ថាប័ន ដែលមានទំនួលខុសត្រូវ ចំពោះសន្តិសុខប្រទេស ថាវាជាការជ្រៀតជ្រែក ប្រកបដោយហិង្សារ នៅក្នុងកិច្ចការផ្ទៃក្នុង”៕ ប្រែសម្រួល៖ប៉ាង កុង