បរទេស៖ កងកម្លាំងចម្រុះ ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ខ្លួនបានបាញ់កម្ទេចចោលមីស៊ីល ចំនួន៤គ្រាប់ និងកូនដ្រូន ប្រដាប់ដោយគ្រាប់ផ្ទុះ៦គ្រឿង ដែលពួកឧទ្ទាមហូធីនៅយេម៉ែន បានបាញ់ក្នុងពេលយប់ ទៅលើព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីត SPA កងកម្លាំងចម្រុះ មិនបាននិយាយប្រាប់ពីទីកន្លែង ដែលមីស៊ីលនិងកូនដ្រូន ត្រូវបាញ់ទម្លាក់នោះទេ ប៉ុន្តែបានប្រាប់ថា កូនដ្រូនគឺត្រូវបានបាញ់ ចេញមកពីរដ្ឋធានី សាណាអា ដែលពួកហូធីគ្រប់គ្រង ឆ្ពោះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។
គួរបញ្ជាក់ថា ការវាយប្រហារឆ្លងព្រំដែន ធ្វើឡើងដោយចលនាពួកឧទ្ទាមហូធី ដែលមានសម្ពន្ធភាពជាមួយអ៊ីរ៉ង់ បានកើនខ្លាំងឡើង ចាប់តាំងពីចុងខែឧសភាមក ជាពេលដែលបទឈប់បាញ់គ្នាមួយ ដែលកើតមានដោយមេរោគកូរ៉ូណា បានផុតកំណត់ ហើយនៅចុងខែមិថុនា មីស៊ីលបានបាញ់ទៅដល់រដ្ឋធានី រីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតទៀតផង៕
ប្រែសម្រួល៖ប៉ាង កុង