ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Huawei ខកចិត្តសម្រាប់ បម្រាមលើការធ្វើដំណើរ របស់អាមេរិក លើនិយោជិករបស់ខ្លួន

ចិន ៖ ក្រុមហ៊ុនទូរគមនាគមន៍ យក្សចិន Huawei បាននិយាយនៅក្នុង សេចក្តីប្រកាសមួយថា ខ្លួនមានការខកចិត្ត ចំពោះការសម្រេចចិត្ត របស់រដ្ឋបាល សហរដ្ឋអាមេរិក បានដាក់បម្រាមហាមឃាត់ លើការធ្វើដំណើរលើបុគ្គលិក របស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

នៅក្នុងសេចក្តីថ្លែង ការណ៍នោះបាននិយាយថា ក្រុមហ៊ុន Huawei ប្រតិបត្តិការឯករាជ្យ ពីរដ្ឋាភិបាលចិន ហើយយើងជាក្រុមហ៊ុនឯកជន ដែលគ្រប់គ្រងដោយនិយោជិក។ យើងមានការខកចិត្ត ចំពោះសកម្មភាពអយុត្តិធម៌ និងតាមអំពើចិត្ត ដើម្បីដាក់កម្រិតទិដ្ឋាការ របស់និយោជិក របស់យើង ដែលធ្វើការដោយមិនចេះនឿយហត់ ចូលរួមចំណែកក្នុងការច្នៃប្រឌិត បច្ចេកវិទ្យានៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ។

ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីលោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកបាននិយាយថា រដ្ឋបាលសហរដ្ឋអាមេរិក នឹងដាក់បម្រាមលើការធ្វើដំណើរ លើបុគ្គលិករបស់ក្រុមហ៊ុន Huawei និងក្រុមហ៊ុនចិនផ្សេងទៀត ៕ ដោយ៖លី ភីលីព

Most Popular

To Top