ព័ត៌មានអន្តរជាតិ

រុស្ស៊ីប្រារព្ធ​ ធ្វើសមយុទ្ធយោធា នៅភាគនិរតី ស្របពេលមានភាពតានតឹង រវាងអាស៊ែបៃហ្សង់ និងអាមេនី

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់រដ្ឋមន្ត្រីការពារជាតិ អាស៊ែបៃហ្សង់ នៅពេលថ្មីៗនេះថា ប្រទេសរុស្ស៊ី នឹងប្រារព្ធសមយុទ្ធយោធា ដើម្បីតេស្តសាកល្បង ការត្រៀមលក្ខណៈប្រយុទ្ធរបស់ខ្លួន ស្របពេលមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងអាស៊ែបៃហ្សង់ និងកងកម្លាំងរបស់អាមេនី ។

ក្រសួងការពារជាតិរុស្ស៊ី បានហៅសមយុទ្ធនោះថា ជាការពិនិត្យមើលសមត្ថភាព កងទ័ពតាមធម្មតា ដើម្បីធ្វើឲ្យធានាដល់សន្តិសុខ នៅក្នុងតំបន់ភាគនិរតី នៃប្រទេសរុស្ស៊ី និងបានបដិសេធការពាក់ព័ន្ធណាមួយ រវាងការហ្វឹកហាត់និងការប្រយុទ្ធ ដែលកើតមានឡើង នៅក្នុងតំបន់ Caucasus ភាគខាងត្បូង របស់ប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា ទាហានអាមេនី និងអាស៊ែបៃហ្សង់ ក្នុងពេលប៉ុន្មានថ្ងៃថ្មីនេះ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា រវាងអតីតសាធារណៈសហភាពសូវៀតទាំងពីរ ដែលមានការខ្វែងគំនិតគ្នា ជាយូរមកហើយ ជុំវិញបញ្ហាការបែកចេញពីអាស៊ែបៃហ្សង់ ជាចម្បងគឺតំបន់ Nagorno-Karabakh ដែលសម្បូរជនជាតិ ភាគតិចអាមេនី ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top