បរទេស៖ នៅឆ្នាំ ២០១៧ ក្រុមហ៊ុន Sepura ដែលផលិត ផលិតផលវិទ្យុចល័តឌីជីថល ត្រូវបានទិញដោយក្រុមហ៊ុនចិនឈ្មោះ Hytera ដែលក្នុងនោះរដ្ឋាភិបាលទីក្រុងប៉េកាំងមានភាគហ៊ុន ២ ភាគរយ។ Hytera ត្រូវបានហាមឃាត់ដោយសហរដ្ឋអាមេរិកចំពោះការព្រួយបារម្ភថា ឧបករណ៍របស់ក្រុមហ៊ុននេះអាច ត្រូវបានប្រើសម្រាប់ការឃ្លាំមើល។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ចក្រភពអង់គ្លេស បន្តប្រើប្រាស់គ្រឿងបរិក្ខារដែលផលិត ដោយក្រុមហ៊ុន Sepura រួមទាំងវិទ្យុដែលប្រើដោយមន្រ្តីប៉ូលីស ជាពិសេសក្នុងអំឡុងពេលការពារសមាជិកនៃគ្រួសាររាជវង្ស។ ប្រព័ន្ធនិងកម្មវិធី ត្រូវបានប្រើប្រាស់ដោយរថយន្តសង្គ្រោះបន្ទាន់ និងសេវាកម្មពន្លត់អគ្គីភ័យរបស់អង់គ្លេស នៅក្នុងអាកាសយានដ្ឋាន ទោះបីជាម្ចាស់របស់ Hytera គឺ Sepura ត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយសេតវិមាន ដោយអះអាងថា ឧបករណ៍របស់ក្រុមហ៊ុននេះអាចត្រូវបាន ប្រើដោយអាជ្ញាធរចិនសម្រាប់ចារកម្ម និងការឃ្លាំមើល ដែលជាការអះអាងដែល Hytera និងត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងបដិសេធ។
បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ មន្រ្តីនិងអ្នកជំនាញបានទទូចដល់រដ្ឋាភិបាលនៃនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson អោយធ្វើការពិនិត្យឡើងវិញទៅលើក្រុមហ៊ុន Sepura និងឧបករណ៍របស់ក្រុមហ៊ុននេះ។
ចំណែកអតីតរដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោក Sir Malcolm Rifkind បានបន្តទៀតដោយនិយាយថា វិមាន Downing Street ត្រូវតែពិនិត្យមើលក្រុមហ៊ុនចិនទាំងអស់ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិរបស់ប្រទេស៕ ប្រែសម្រួលៈ ណៃ តុលា