បរទេស៖ឯកសារមួយ ដែលបោះពុម្ពផ្សាយដោយក្រសួងហិរញ្ញវត្ថុបង្ហាញថា ប្រទេសរុស្ស៊ី កំពុងតែពិចារណាកាត់បន្ថយចំណាយលើវិស័យយោធា ស្របពេលដែលតម្លៃប្រេងធ្លាក់ចុះ និងវិបត្តិមេរោគកូរ៉ូណា បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចជាខ្លាំង។
ក្រសួង តាមសេចក្តីរាយការណ៍ បានស្នើរដ្ឋាភិបាលឲ្យកាត់ការចំណាយរបស់រដ្ឋលើវិស័យយោធាចំនួន៥ភាគរយ នៅចន្លោះឆ្នាំ២០២១និងឆ្នាំ២០២៣ ហើយសំណើដែលចេញនៅថ្ងៃចន្ទនោះ ក៏រួមបញ្ចូលទាំងការកាត់កញ្ចប់ថវិកាចំណាយ១០ភាគរយសម្រាប់ប្រព័ន្ធតុលាការ សេវាកម្មប្រាក់បំណុលរុស្ស៊ី និងប្រាក់ឈ្នួលសម្រាប់មន្ត្រីរាជការ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី ដែលធ្លាប់តែបង្ហាញសាច់ដុំយោធា ជាមួយនឹងការយកតំបន់គ្រីមាពីប្រទេសអ៊ុយក្រែនដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនក្នុងឆ្នាំ២០១៤ និងការធ្វើកិច្ចអន្តរាគមន៍ក្នុងជម្លោះស៊ីរីនោះ បានធ្លាក់ចេញពីបញ្ជីកំពូលប្រទេសចំណាយលើយោធាច្រើនបំផុតទាំង៥ នៅក្នុងឆ្នាំ២០១៨ បន្ទាប់ពីការចំណាយបានធ្លាក់ចុះចំនួន៣,៥ភាគរយ៕ប្រែសម្រួល៖ប៉ាង កុង